វេសឡាញបង្កើតបច្ចេកវិទ្យាអប់រំ និងកម្មវិធីគាំទ្រ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំក្នុងសម័យឌីជីថល

ក្នុងអំឡុង២ឆ្នាំនៃវិបត្តិកូវីឌ១៩ បានផ្តល់ផលប៉ះពាល់អវិជ្ជមានស្ទើគ្រប់វិស័យ និងជាពិសេសជីវភាពរស់នៅរបស់ប្រជាជន ហើយវិស័យអប់រំក៏ទទួលរងនូវប៉ះពាល់ផងដែរ ដែលបណ្តាលឲ្យសិស្សមកសិក្សានៅថ្នាក់រៀនផ្ទាល់បាន។ ប៉ុន្តែបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបត់ទៅរកការរៀន និងបង្រៀនតាមអនឡាញជំនួសវិញ ព្រមទាំងបង្កើតបច្ចេកវិទ្យាអប់រំថ្មី ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំក្នុងសម័យឌីជីថល។

 
វេសឡាញបង្កើតបច្ចេកវិទ្យាអប់រំ និងកម្មវិធីគាំទ្រ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំក្នុងសម័យឌីជីថល

ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាថ្នាក់ទី៩ កាលពីថ្ងៃ៧ ខែឧសភាកន្លងមកនេះ លោក តែ ឡាយ ប្រធាននាយកអប់រំនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប លោកបានលើកឡើងថា វិបត្តិកូវីឌ១៩ដ៏អាក្រក់នេះមិនបានបង្អាក់ដល់ដំណើររបស់សាលារៀននោះទេ  ប៉ុន្តែផ្ទុយទៅបានជម្រុញ និងពន្លឿនការផលិតវីដេអូមេរៀន សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំក្នុងស្រុក ការបត់បែនទៅការៀនបង្រៀននិងរៀនតាមប្រព័ន្ធអនឡាញ និងបោះទុនវិនិយោគបន្ថែមលើការបង្កើតបច្ចេកវិទ្យាអប់រំ ដើម្បីពង្រឹងគុណភាពអប់រំ និងផ្តល់ឱកាសឱ្យមានការអប់រំកាន់តែសម្បូរបែប។

បច្ចេកវិទ្យាអប់រំរបស់បណ្តាញគ្រឹះស្ថាន វេសឡាញ រួមមាន៖ ១. ប្រព័ន្ធគ្រប់គ្រងសាលារៀន(SMS)ដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនង រវាងសាលារៀន មាតាបិតាសិស្ស គ្រូបង្រៀន និងសិស្សានុសិស្ស សម្រាប់បង្ហាញ និងតាមដានពីលទ្ធផលសិក្សារបស់សិស្ស និងការសាកសួរព័ត៌មានផ្សេងៗ។ ២. ប្រព័ន្ធគ្រប់គ្រងការសិក្សា(LMS) ផ្តោតជាចម្បងលើផ្នែកសិក្សាធិការសម្រាប់ការបង្រៀន និងរៀនដោយសិស្សអាចសិក្សាខ្លឹមសារមេរៀននៅក្នុងវេទិកាក្នុងប្រព័ន្ធនេះ ហើយគ្រូបង្រៀនអាចមានទំនាក់ទំនង និងបង្រៀនសិស្សដោយផ្ទាល់ ហើយក៏ជាមជ្ឈមណ្ឌលរក្សាទុកជាមួយធនធានមេរៀន និងឯកសារយ៉ាងច្រើនសំបូរបែប ។ ៣. កម្មវិធី Mobile School App មានអត្ថប្រយោជន៍ខ្ពស់សម្រាប់សាលារៀន មាតាបិតា និងសិស្សដោយផ្តល់ជូននូវវិធីច្នៃប្រឌិដ្ឋថ្មីៗ ដើម្បីបង្កើនទំនាក់ទំនង ដាមតានការសិក្សា និងផ្តល់នូវព័ត៌មានថ្មីៗរបស់សាលារៀន។

លោកប្រធាននាយកអប់រំបន្ថែមទៀតថា ក្រៅពីប្រព័ន្ធបច្ចេកវិទ្យាខាងលើ សាលារៀនក៏បានបញ្ចូលកម្មវិធីទម្លាប់ល្អទាំង៧ ដែលជាកម្មវិធីមួយដ៏ល្បីមកពីសហរដ្ឋអាមេរិក ហើយកម្មវិធីនេះជួយបណ្តុះផ្នត់គំនិត ឥរិយាបថ និងអត្តចរិកវិជ្ជមាន ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើម។ ចំណែកកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជួយសិស្សចេះប្រើប្រាស់លុយឲ្យត្រឹមត្រូវនឹងតម្រូវ ចេះសន្សំលុយសម្រាប់ការវិនិយោគ និងមិនសម្ភារនិយម។ លើសពីនេះ សាលារៀនក៏មានកម្មវិធីបន្ថែមដទៃទៀត និងមានដៃគូសហការក្នុងស្រុក និងបរទេស ដើម្បីជួយគាំទ្រនិងជម្រុញការសិក្សារបស់សិស្សឲ្យទទួលបានលទ្ធផលល្អប្រសើរ។

លោកបានបញ្ជាក់ថា នៅពេលសិស្សានុសិស្សចូលដល់ថ្នាក់ទី១០ និងទី១១ ពួកគាត់នឹងទទួលបានការតម្រង់ទិសក្ន្នុងការជ្រើសរើសថ្នាក់វិទ្យាសាស្រ្តពិត ឬថ្នាក់វិទ្យាសាស្ត្រសង្គម និងការប្រឹក្សាអាជីពពីអ្នកជំនាញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យត្រឹមត្រូវនឹងទេពកោសល្យ ជំនាញនិងចំណង់ចំណូលចិត្តរបស់សិស្ស។

សូមជម្រាប់ថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩ ប្រចាំឆ្នាំសិក្សា ២០២០-២០២១ ចំនួន៣៨០នាក់មកគ្រប់សាខា ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សចំពោះការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ក្នុងដំណើរការដឹកនាំ និងសិក្សារហូតទទួលបានប្រឡងជាប់៕