[វីដេអូ] សុខភាពស្រ្តី និងសម្ភព Ep.20 ប្រធានបទ៖ តើការធ្លាក់ឈាមរដូវបណ្តាលមកពីកត្តាអ្វីខ្លះ?

ស្រ្តីនៅវ័យគ្រប់ការមករដូវម្តងជារៀងរាល់ខែ ប៉ុន្តែប្រសិនបើការមកមិនទៀងទាត់ នឹងអាចបង្កជាបញ្ហាផ្សេងៗ នាំឱ្យមានការពិបាកក្នុងការរស់នៅ ឬសម្រួលឥរិយាបថ។ ជាពិសេស គឺទាក់ទងទៅនឹងភាពមិនប្រក្រតីនៃឈាមរដូវ ដែលមកច្រើន ឬតិច ខុសពីធម្មតា និងប្រឈមនឹងបញ្ហាជំងឺមួយចំនួនទៀត។

 
[វីដេអូ] សុខភាពស្រ្តី និងសម្ភព Ep.20 ប្រធានបទ៖ តើការធ្លាក់ឈាមរដូវបណ្តាលមកពីកត្តាអ្វីខ្លះ?

ការធ្លាក់ឈាមរដូវបណ្តាលមកពីកត្តាជាច្រើន ដែលនាំឱ្យកើតមានជាបញ្ហានានាដល់សុខភាពរបស់ស្រ្តី ឬនារីដែលទើបនឹងពេញវ័យ។ បញ្ហាទាំងនោះ អាចបណ្តាលមកពីការបញ្ចេញពងមេជីវិតញី ឬក្រពេញអ័រម៉ូនរបស់ស្រ្តី បញ្ចេញមកមិនបានល្អ ឬមានជំងឺ Polycystic Ovary Syndrome(PCOS) និងករណីខ្លះ ដោយសារមានការបញ្ចេញអ័រម៉ូនមិនត្រឹមត្រូវ ដែលហៅ Ovary Definition។ បន្ថែមលើសពីនេះ ក៏អាចមានការបណ្តាលមកពី កត្តា Adenomyosis ដែលស្រទាប់រដូវទៅដាំក្នុងសាច់ដុំស្បូន និងដោយសារការដាច់ស្រទាប់រដូវ នាំឱ្យមានធ្លាក់ឈាម(ដាច់សរសៃឈាម)។ ជាពិសេស កត្តាមួយចំនួនទៀត ដូចជា មានដុះឫស ឬសាច់ក្នុងស្បូន(Polyp Vaginal) មហារីកស្រទាប់រដូវ និងមនុស្សស្រីដែលមាន Pelvic Inflammatory Disease (PID)។ល។ ដូច្នេះ កត្តាទាំងនេះ ហើយដែលនាំឱ្យមនុស្សស្រី មានការធ្លាក់ឈាមរដូវអប្រក្រតី។

ឈាមរដូវដែលមកល្អ មានចន្លោះនៃការមកពី ៣ ថ្ងៃ ទៅ ៦ ថ្ងៃ ដែលរយៈពេលដំបូងនៃការមករដូវ មានតិចៗ រហូតដល់ថ្ងៃទី ២ និង ៣ ទើបមានច្រើន និងធ្លាក់មកបន្តិចម្តងៗ។ ពណ៌នៃឈាមរដូវ ត្រូវតែមានពណ៌ក្រហមក្រម៉ៅ មានភាពរអិល(ដូចរំអិល) ដែលមានបរិមាណពី ៤ ទៅ ៦ ស្លាបព្រាបាយក្នុងមួយថ្ងៃៗ។ ប្រសិនបើ ស្រ្តីមករដូវ លើសពី ៧ ថ្ងៃ គឺភាពអប្រក្រតី ដែលហៅថា ការហូរឈាម។ សម្រាប់ស្រ្តីដែលមានការធ្លាក់ឈាមរដូវខុសប្រក្រតី និងមិនសូវបានពិនិត្យទៀតទាត់ អាចបណ្តាលឱ្យជួបបញ្ហាដូចជា៖

១. ធ្លាក់ឈាមខ្លាំង(បាត់បង់គ្រាប់ឈាម)

២. ខ្សោយ អស់កម្លាំង អសមត្ថភាពផ្ចង់អារម្មណ៍

៣. ប្រឈមមុខនឹងការបញ្ចូលឈាម។

ចំពោះការព្យាបាលការធ្លាក់ឈាមរដូវ គឺពឹងផ្អែកទៅលើរោគ ឬជំងឺដែលនាំឱ្យមានការធ្លាក់ឈាមរដូវ ដែលជាសញ្ញា ឬមូលហេតុណាមួយ។ ប្រសិនបើធ្លាក់ឈាមរដូវខុសប្រក្រតី ដូចដែលបានរៀបរាប់ខាងលើ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទើបជាវិធីសាស្រ្តដ៏ត្រឹមត្រូវក្នុងការព្យាបាល និងទាន់ពេលវេលា។ ការព្យាបាលអាចប្រព្រឹត្តទៅបានដោយសារតែការចូលរួមរបស់អ្នកជំងឺ និងភាពធ្ងន់ ឬស្រាលនៃរោគ ជាពិសេសវេជ្ជបណ្ឌិតនឹងធ្វើការព្យាបាលទៅតាមអ្វីដែលជាជំងឺជាក់ស្តែង និងពិតប្រាកដនៃរោគដែលនាំឱ្យមានការធ្លាក់ឈាមខុសប្រក្រតី៕សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖