លោក ដូណាល់ ត្រាំ ចុះហត្ថលេខាប្រកាសកែសម្រួលពន្ធលើមុខទំនិញនាំចូលសំខាន់ៗមួយចំនួន
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើប្រកាសនីយបត្រផ្លូវការមួយ ក្នុងការកែសម្រួល លើពន្ធគយសម្រាប់មុខទំនិញនាំចូលសំខាន់ៗ រួមមានទង់ដែង អាលុយមីញ៉ូម និងដែក ក្នុងគោលបំណងជំរុញការវិនិយោគក្នុងស្រុក និងការពារសន្តិសុខជាតិ។
ការសម្រេចចិត្តកែសម្រួលពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នាពេលនេះ រួមមានការកាត់បន្ថយពន្ធលើឧបករណ៍កសិកម្មមួយចំនួន ដូចជាម៉ាស៊ីនច្រូត និងម៉ាស៊ីនបោកបបោចស្រូវជាដើម ដោយបញ្ចុះពី ២៥% មកត្រឹម ១៥%។ បន្ថែមពីនេះ ឧបករណ៍ឧស្សាហកម្មចល័ត ដូចជាឡានឈូសដី (Bulldozers) និងឡានលើកទំនិញ (Forklifts) ក៏នឹងត្រូវជាប់ពន្ធក្នុងកម្រិត ១៥ ភាគរយផងដែរ ប្រសិនបើការនាំចូលនោះធ្វើឡើងពីបណ្តាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។
សេតវិមានបានបញ្ជាក់ថា ការផ្លាស់ប្តូរពន្ធគយទាំងនេះ គឺជាវិធានការបណ្តោះអាសន្ន ដែលនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៧ខាងមុខ ដើម្បីគាំទ្រដល់ការវិនិយោគក្នុងរយៈពេលខ្លី និងស្តារគ្រឹះឧស្សាហកម្មរបស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីវិស័យផលិតកម្មអាមេរិកបានបង្ហាញការរីកចម្រើនយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ៕

ប្រភព៖Reuters


















