ឯកឧត្តម ជុំ កុសល បានផ្តល់អនុសាសន៍ថា៖ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសង្គម

រសៀលថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

 
ឯកឧត្តម ជុំ កុសល បានផ្តល់អនុសាសន៍ថា៖ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសង្គម

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ដោយផ្តោតលើជំនាញសំខាន់ៗ រួមមាន៖

- បច្ចេកទេសសរសេរព័ត៌មាន

- ការសម្ភាសន៍ និងការប្រមូលព័ត៌មាន

- ជំនាញថតរូប និងកែសម្រួលវីដេអូ

- ការផលិតមាតិកាឌីជីថល

- ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

សូមជម្រាបថា ក្នុងចំណោមសិក្ខាកាមសរុប ១០៩នាក់ មានសិក្ខាកាមចំនួន ១០១នាក់ បានបំពេញវគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

នាឱកាសនោះ ឯកឧត្តម ជុំ កុសល បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ គ្រូបង្គោល និងសិក្ខាកាមទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗដល់សិក្ខាកាមថា៖ - អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា មានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងរួមចំណែកផ្លាស់ប្តូរផ្នត់គំនិតសង្គម។

សូមយកចំណេះដឹងដែលបានរៀន ត្រូវយកទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ។ អ្នកសារព័ត៌មាន ទោះមានជំនាញ និងបទពិសោធន៍យ៉ាងណាក៏ដោយ បើខ្វះក្រមសីលធម៌ តម្លៃវិជ្ជាជីវៈក៏នឹងបាត់បង់។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ បន្តពង្រឹងជំនាញ ការស្រាវជ្រាវ ការផ្ទៀងផ្ទាត់ព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានភាពជឿជាក់ ទំនួលខុសត្រូវ និងស្តង់ដារខ្ពស់៕

ប្រភព សាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន