សហព័ន្ធសេវាអប់រំនៅកម្ពុជារៀបចំសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលា ដើម្បីបង្ហាញវឌ្ឍនភាពនិងទិសដៅអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាក្នុងយុគសម័យបច្ចេកវិទ្យា
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សហព័ន្ធសេវាអប់រំនៅកម្ពុជារៀបចំសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាអប់រំស្តីពី “អភិបាលកិច្ច និងភាពជាអ្នកដឹកនាំអប់រំក្នុងយុគសម័យទំនើប” របស់ខ្លួន ដើម្បីចែករំលែក និងបង្ហាញពីចំណេះដឹង និងជំនាញថ្មី២ក្នុងសម័យបច្ចេកវិទ្យា វឌ្ឍនភាពនៃបច្ចេកវិទ្យាអប់រំនៅប្រទេសកម្ពុជា បំណិនបច្ចេកវិទ្យាអប់រំ វិធីសាស្រ្តរៀបចំអភិបាលកិច្ចនិងភាពជាអ្នកដឹកនាំក្នុងគ្រឹះស្ថានអប់រំសម្រាប់រក្សានិរន្តរភាពស្ថាប័ន និងចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ។
 
                        
ឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា “សន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលារៀបចំឡើងនៅថ្ងៃនេះ ជាឱកាសល្អក្នុងការគៀងគរសមាជិករបស់យើងមកពីគ្រប់ស្ថាប័នអប់រំនៅរាជធានីភ្នំពេញ និងបណ្តាខេត្តជួបជុំគ្នា ដើម្បីបង្ហាញពីការរីកចម្រើន និងទិសដៅអភិវឌ្ឍក្នុងវិស័យអប់រំរបស់សហព័ន្ធ។ លើសពីនេះ តាមរយៈសិក្ខាសាលានេះ សមាជិករបស់យើងនឹងទទួលចំណេះដឹងថ្មីៗបន្ថែមទៀតលើទិសដៅអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលនៅប្រទេសកម្ពុជា ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវាគ្មិនកិត្តិយជាច្រើនរូបទៀត”។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា សន្និបាតពាក់កណ្ដាលឆ្នាំ២០២២ និងសិក្ខាសាលាអប់រំ នាពេលនេះ នឹងផ្ដល់ឱកាសឱ្យយើងបន្ថែមទៀត ដើម្បីបានជួបពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា តាមរយៈការ ឆ្លុះ បញ្ចាំងពីសមិទ្ធកម្មនៃការវិនិយោគ ដែលយើងបានខិតខំប្រឹងប្រែង នាពេលកន្លងមក ក៏ដូចជា ដើម្បីដកស្រង់នូវឧត្តមានុវត្តន៍សម្រាប់ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមនានា និង បង្កើតនូវកាលានុវត្តភាពថ្មីៗ ជាពិសេសកំណត់ទិសដៅជាអាទិភាពក្នុងការអភិវឌ្ឍ សមត្ថភាពធនធានមនុស្ស ឱ្យស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣, យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ, និងបរិវត្តកម្មអប់រំឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមទៀតថា “ការអភិវឌ្ឍធនធានមនុស្ស គឺជាការវិនិយោគរយៈពេលវែងរបស់សង្គមជាតិ និងត្រូវការចូលរួមជាចាំបាច់នូវការការពារថែទាំ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាថា ធនធានមនុស្សដែលផលិតយើងផលិតបាន ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅក្នុងតំបន់និងសាកលលោក”។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើនការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន និងធ្វើជាដៃគូសន្ទនាលើបញ្ហាប្រឈម និងលើនវានុវត្តន៍ក្នុងវិស័យអប់រំ ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តំបន់ និងសកលលោក។
ទន្ទឹមនឹងនេះ សិក្ខាសាលាមានវេទិកាពិភាក្សាដោយវាគ្មិនល្បីជាច្រើនរូបលើ៣ប្រធានបទ ទី១/ អំណោយផលនៃបរិយាកាសសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាសម្រាប់ឆ្នាំ ២០៣០ ទី២/ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចគ្រឹះស្ថានសិក្សានិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឯកជន ទី៣/អាជីពវិជ្ជាជីវៈគ្រូបង្រៀន និងអ្នកអប់រំក្នុងយុគសម័យទំនើប។


សូមជម្រាបថា សហព័ន្ធសេវាអប់រំនៅកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពសម្រាប់អនាគតរបស់ប្រទេសក្នុងវិស័យអប់រំទូទៅ បង្កើតប្រព័ន្ធគាំទ្រក្នុងអាជីវកម្មសម្រាប់វិស័យអប់រំ ផ្តល់នូវការយល់អំពីការស្រាវជ្រាវនិងការអភិវឌ្ឍ និងការសហការគ្នារវាងរាជរដ្ឋាភិបាល វិស័យឯកជន និងការសិក្សា ស្តីពីជំនាញដែលប្រទេសជាតិត្រូវការនាពេលអនាគត ព្រមទាំងពង្រឹងចំណេះដឹងនិងជំនាញរបស់គ្រូបង្រៀនគ្រូបណ្តុះបណ្តាល និងអ្នកអប់រំទូទៅ ដើម្បីធានាបាននូវគុណភាពធនធានមនុស្សឱ្យបានកាន់តែប្រសើរ។
បច្ចុប្បន្ន សហព័ន្ធសេវាអប់រំនៅកម្ពុជា មានសមាជិកស្ថាប័នចំនួន ៩៣ស្ថាប័ន(គ្រឹះស្ថានសិក្សាចំណេះទូទៅ ក្រុមហ៊ុនកម្មវិធីសិក្សា បច្ចេកវិទ្យា ឬសេវាគាំទ្រការអប់រំ មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសានិងជំនាញ អង្គការមិនមែនរដ្ឋាភិបាល) និងសមាជិកឯកត្តបុគ្គលចំនួន ៣នាក់៕







 
                                
                            











 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://www.cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://www.cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://www.cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://www.cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								





