តម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ខ្លាំង ខណៈអាមេរិកឡោមព័ទ្ធកំពង់ផែអុីរ៉ង់
ទីផ្សារថាមពលពិភពលោកកំពុងស្ថិតក្នុងភាពច្របូកច្របល់យ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ខណៈដែលតម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ កាន់តែផ្ទុះឡើងខ្លាំង។
តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងលើស $125 ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅរបស់អាមេរិក (WTI) បានកើនឡើងដល់ជិត $110 ដុល្លារ។ ការហក់ឡើងនៃតម្លៃនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តការឡោមព័ទ្ធ និងបិទខ្ទប់កំពង់ផែសំខាន់ៗរបស់អ៊ីរ៉ង់ ដើម្បីរារាំងការនាំចេញប្រេងរបស់ប្រទេសនេះជាដាច់ខាត។
យោងតាមទីបញ្ជាការកណ្ដាលអាមេរិក (CENTCOM) បានឱ្យដឹងថា បច្ចុប្បន្នមាននាវាដឹកប្រេងចំនួន ៤១ គ្រឿង ដែលផ្ទុកប្រេងប្រហែល ៦៩ លានបារ៉ែល កំពុងត្រូវបានរារាំងមិនឱ្យចាកចេញពីកំពង់ផែអ៊ីរ៉ង់ ដែលគិតជាទឹកប្រាក់មានតម្លៃជាង ៦ ពាន់លានដុល្លារ។
អ្នកវិភាគទីផ្សារថាមពលបានព្រមានថា ការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង ២០% នៃពិភពលោក អាចនឹងអូសបន្លាយពេលរាប់ខែ។ ស្ថានភាព ឡោមព័ទ្ធទ្វេដងនេះដែលអាមេរិកបិទកំពង់ផែអ៊ីរ៉ង់ ហើយអ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Hormuz ទាំងស្រុងបានបង្កឱ្យមានការភ័យខ្លាចពីកង្វះខាតថាមពលសកលដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិប្រេងឆ្នាំ ១៩៧០។
ជាមួយគ្នានេះដែរ នៅសហរដ្ឋអាមេរិក តម្លៃសាំងនៅតាមស្ថានីយបានកើនឡើងប្រហែល $1.16 ដុល្លារ ក្នុងមួយហ្គាឡុង រួចទៅហើយ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីខែកុម្ភៈ។

ប្រភព៖ Al Jazeera English


















