អាមេរិកអនុម័តលក់ប្រព័ន្ធអាវុធទំនើបតម្លៃជិត ១ ពាន់លានដុល្លារឱ្យអុីស្រាអែល ដោយមិនឆ្លងកាត់សភា

ស្របពេលដែលស្ថានភាពសង្គ្រាមរវាងអុីស្រាអែល និងអុីរ៉ង់ កំពុងបន្តឈានចូលសប្តាហ៍ទី ៩ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញនេះ បានប្រកាសអនុម័តជាផ្លូវការនូវការលក់ប្រព័ន្ធអាវុធទំនើបដែលមានតម្លៃរហូតដល់ជិត ១ពាន់លានដុល្លារ ឱ្យទៅប្រទេសអុីស្រាអែល។

 
អាមេរិកអនុម័តលក់ប្រព័ន្ធអាវុធទំនើបតម្លៃជិត ១ ពាន់លានដុល្លារឱ្យអុីស្រាអែល ដោយមិនឆ្លងកាត់សភា

អាវុធដែលត្រូវបានអនុម័តនេះ គឺជាប្រព័ន្ធគ្រាប់រ៉ុក្កែតនាំផ្លូវដោយឡាស៊ែរដ៏ទំនើប ហៅកាត់ថា APKWS (Advanced Precision Kill Weapon Systems) ដែលមានតម្លៃសរុបប្រមាណ ៩៩២,៤ លានដុល្លារ។ ក្រុមហ៊ុន BAE Systems គឺជាអ្នកទទួលការផ្គត់ផ្គង់ចម្បងសម្រាប់កិច្ចព្រមព្រៀងនេះ។

 រដ្ឋបាលលោក ដូណាល់ ត្រាំ តាមរយៈរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានសម្រេចប្រើប្រាស់អំណាចបន្ទាន់ ដើម្បីអនុម័តការលក់នេះដោយផ្ទាល់។ សកម្មភាពនេះមានន័យថា រដ្ឋាភិបាលអាមេរិកបាន រំលងការពិនិត្យ និងអនុម័តពីសំណាក់សភាជាតិ ដើម្បីពន្លឿនការបញ្ជូនអាវុធទៅឱ្យអ៊ីស្រាអែលឱ្យបានទាន់ពេលវេលា។

បើតាមក្រសួងការបរទេសអាមេរិក ការលក់អាវុធនេះមានគោលបំណងពង្រឹងសមត្ថភាពកងទ័ពអាកាសអ៊ីស្រាអែល ក្នុងការការពារព្រំដែន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការពារប្រជាជនពីការគំរាមកំហែងនាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្រៅពីអ៊ីស្រាអែល អាមេរិកក៏បានអនុម័តលក់អាវុធសរុបជាង ៨,៦ ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តផ្សេងទៀតក្នុងតំបន់ រួមមានប្រទេស កាតា (Qatar) គុយវ៉ែត (Kuwait) និងអារ៉ាប់រួម (UAE) ផងដែរ។


ប្រភព៖ 
Al Jazeera English