ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល «ក្នងនាមអ្នកដឹកនាំ សូមឆាប់មើលអោយឃើញនូវបញ្ហាប្រឈមទាំងឡាយ និងគិតមុនជាស្រេច នូវដំណោះស្រាយផ្សេងៗ!»

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

 
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល «ក្នងនាមអ្នកដឹកនាំ សូមឆាប់មើលអោយឃើញនូវបញ្ហាប្រឈមទាំងឡាយ និងគិតមុនជាស្រេច នូវដំណោះស្រាយផ្សេងៗ!»

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ណែនាំ និងផ្តល់នូវអនុសាសន៍ ដូចខាងក្រោម៖

-មន្ទីរសុខាភិបាល នៅតាមខេត្តជាប់ព្រំដែន ត្រូវពិនិត្យមូលដ្ឋានសុខាភិបាល ដែលផ្អាកដំណើរក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយរៀបចំឱ្យដំណើរការឡើងវិញ ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ

- បន្តពង្រឹងការបម្រើសេវា ប្រកបដោយគុណភាព សមធម៌ និងក្រមសីលធម៌ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ

-គ្រប់មូលដ្ឋានសុខាភិបាល ត្រូវមានពិធីសារ (Protocol) ដោយបិតលើជញ្ជាំងងាយស្រួលក្នុងការមើល និងអនុវត្តការងារ

- បន្តយកចិត្តទុកដាក់បន្ថែមលើការងារនិយ័តកម្ម និងការងារឱសថ ដោយផ្តោតសំខាន់លើគុណភាព និងការផលិតឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

- ពង្រឹងបន្ថែមការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវការបម្រើសេវាសុខាភិបាល នៅតាមអង្គភាពរៀងៗខ្លួន

- គ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវខិតខំស្វែងយល់ និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែរលូន

-ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ឥរិយាបថជាមួយអ្នកជំងឺ ដើម្បីពិនិត្យរកចំនុចខ្វះខាតកែលម្អ។

-ជំរុញការចុះពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយធ្វើការផ្ទៀងផ្ទាត់ នូវចំនុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាកដឹកនាំ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ជាពិសេសការិយាល័យស្រុកប្រតិបត្តិ មណ្ឌលសុខភាព ដែលនៅគៀកនឹងប្រជាពលរដ្ឋ ត្រូវពង្រឹងការបម្រើសេវាគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្រិតមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា