លោក Lee Jae Myung៖ កូរ៉េខាងជើងអាចផលិតនុយក្លេអ៊ែរគ្រប់គ្រាន់ចន្លោះពី១០ ទៅ ២០គ្រាប់ក្នុងមួយឆ្នាំ
ទីក្រុងសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានមានប្រសាសន៍នៅថ្ងៃពុធ ទី ២១ ខែមករា ឆ្នាំ២០២៦ថា កូរ៉េខាងជើងកំពុងតែផលិតនុយក្លេអ៊ែរគ្រប់គ្រាន់ក្នុងមួយឆ្នាំដែលមានគ្រាប់នុយក្លេអ៊ែររហូតដល់ ២០គ្រាប់ ហើយលោកក៏បានព្រមានថា មហិច្ឆតារបស់ទីក្រុងព្យុងយ៉ាងអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦។
គួររម្លឹកថា កូរ៉េខាងជើងបានធ្វើតេស្តគ្រាប់បរមាណូលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០០៦ ដោយរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយបច្ចុប្បន្ននេះត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់នៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ។
លោក លី បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មីថា «ឥឡូវនេះកូរ៉រខាងជើងអាចមានសមត្ថភាពផលិតនុយក្លេអ៊ែរគ្រប់គ្រាន់ចន្លោះពី ១០ ទៅ ២០ គ្រាប់ក្នុងមួយឆ្នាំ » ដោយសំដៅទៅលើមីស៊ីលផ្លោងអន្តរទ្វីប(ICBM) ដែលមានសមត្ថភាពគំរាមកំហែងមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលទៀតផង»៕


ប្រភព៖ CNA


















