សុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីលើសុខភាពសាធារណៈនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការលើកកម្ពស់ការគ្របដណ្តប់សុខភាពសកល តាមរយៈការចែករំលែកបទពិសោធន៍ ទាំងបច្ចេកទេស និងឯកសារគោលនយោបាយ ការសិក្សាស្រាវជ្រាវលើជំងឺឆ្លង ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងឧបករណ៍បរិក្ខារពេទ្យ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ភាគីប្រេស៊ីល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងបន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យលេចចេញជារូបរាង ស្របតាមអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ចំពោះលោកជំទាវអគ្គរដ្ឋទូត និងសហការី ដែលខិតខំស្វែងរកយន្តការ ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះ កិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា។











ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា






































