សហរដ្ឋអាមេរិកកំណត់ប្រទេស អាហ្វហ្គានីស្ថានជាប្រទេស "ឃុំខ្លួនមនុស្សដោយខុសច្បាប់"
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារ Reuters បានឱ្យដឹងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងត្រៀមវិធានការតឹងរ៉ឹងថ្មីមួយប្រឆាំងនឹងក្រុមតាលីបង់។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ ក្នុងការចាត់ថ្នាក់ប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសដែលចូលរួមក្នុង "ការឃុំខ្លួនពលរដ្ឋអាមេរិកដោយខុសច្បាប់" (Wrongful Detention)។ ការចាត់ថ្នាក់នេះ ធ្វើឡើងស្របតាមច្បាប់ "Robert Levinson" ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក បង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចកាន់តែខ្លាំង ដើម្បីដោះលែងពលរដ្ឋខ្លួន។
បច្ចុប្បន្ន មានពលរដ្ឋអាមេរិកយ៉ាងហោចណាស់ ៣ នាក់ រួមមានលោក Ryan Corbett, លោក George Glezmann និងលោក Mahmood Habibi ដែលកំពុងត្រូវបានក្រុមតាលីបង់ឃុំខ្លួន។ សាច់ញាតិរបស់ជនរងគ្រោះបានលើកឡើងថា ការឃុំខ្លួននេះគឺជាការធ្វើទារុណកម្ម និងខ្វះការយកចិត្តទុកដាក់ផ្នែកសុខភាពយ៉ាងធ្ងន់ធ្ងរ។
ប្រសិនបើលោក Marco Rubio សម្រេចចាត់ថ្នាក់ជាផ្លូវការមែននោះ វានឹងក្លាយជាការផ្លាស់ប្តូរគោលនយោបាយដ៏ធំមួយ។ វានឹងធ្វើឱ្យរដ្ឋាភិបាលតាលីបង់ កាន់តែពិបាកក្នុងការទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងអាចប្រឈមនឹងទណ្ឌកម្មបន្ថែមទៀត។ លោក Rubio បានបញ្ជាក់កន្លងមកថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះការយកពលរដ្ឋអាមេរិកធ្វើជា "ចំណាប់ខ្មាំងនយោបាយ" ដើម្បីដោះដូរអ្វីមួយនោះឡើយ៕






ប្រភព៖ Reuters


















