ផ្ទុះឆេះរោងចក្រគីមីយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យកម្មករយ៉ាងតិច ១៦ នាក់រងរបួសនៅឥណ្ឌា

កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ មានហេតុការណ៍ផ្ទុះ និងឆេះយ៉ាងរន្ធត់មួយបានកើតឡើងនៅរោងចក្រផលិតសារធាតុគីមីមួយកន្លែង ក្នុងស្រុក Bharuch រដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលបណ្តាលឱ្យមានមនុស្សរងរបួសជាច្រើននាក់ និងបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់អ្នករស់នៅតំបន់ជុំវិញ។

 
ផ្ទុះឆេះរោងចក្រគីមីយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យកម្មករយ៉ាងតិច ១៦ នាក់រងរបួសនៅឥណ្ឌា

យោងតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រ Metropolitan Eximchem ដែលស្ថិតក្នុងតំបន់ឧស្សាហកម្ម Jhagadia GIDC។ អគ្គិភ័យនេះបានចាប់ផ្តើមឡើងបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងនៅវេលាម៉ោងប្រហែល ១ រសៀល ដែលធ្វើឱ្យកក្រើកដល់ក្រុមហ៊ុននៅជិតខាង ប្រៀបដូចជាមានគ្រោះរញ្ជួយដី។

សូមជម្រាបថា កម្មករយ៉ាងតិច ១៦ នាក់ បានរងរបួស ដោយក្នុងនោះមាន ៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ  និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងធំៗដូចជា Surat និង Vadodara

រថយន្តពន្លត់អគ្គិភ័យជាង ១០ គ្រឿង រួមជាមួយក្រុមអ្នកជំនាញបង្ការគ្រោះមហន្តរាយ បានប្រើពេលជាង ៤ ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលដល់រោងចក្រជិតខាង។

អាជ្ញាធរបំពុលបរិស្ថានរដ្ឋ Gujarat (GPCB) និងមន្ត្រីសុវត្ថិភាពឧស្សាហកម្ម បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យមើលផលប៉ះពាល់នៃជាតិពុលក្នុងខ្យល់ និងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ តាមការសន្និដ្ឋានបឋម ការផ្ទុះនេះអាចបណ្តាលមកពីកំហុសបច្ចេកទេសក្នុងដំណើរការផលិតសារធាតុគីមីកសិកម្ម។
 




ប្រភព៖ Al Jazeera English