ផ្ទុះឃ្លាំងគ្រាប់សព្វាវុធយ៉ាងរន្ធត់នៅប្រទេស Burundi បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងប្រទេស Burundi បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់នៅឃ្លាំងគ្រាប់សព្វាវុធរបស់កងទ័ព ដែលបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត និងរបួសជាច្រើននាក់។ កងទ័ពជាតិប៊ូរុនឌីបានបញ្ជាក់ថា ការផ្ទុះដ៏ខ្លាំងក្លានេះបានកើតឡើងនៅក្នុងទីក្រុង Bujumbura ដែលជាទីក្រុងធំជាងគេរបស់ប្រទេស ហើយបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋពេញមួយក្រុង។
យោងតាមរបាយការណ៍បឋមពីមន្ត្រីយោធា ការផ្ទុះនេះត្រូវបានគេសង្ស័យថាបង្កឡើងដោយបញ្ហាឆ្លងចរន្តអគ្គិសនី នៅក្នុងឃ្លាំងស្តុកគ្រាប់រំសេវ។ សំឡេងផ្ទុះដ៏ខ្លាំងៗបានបន្លឺឡើងបន្តបន្ទាប់គ្នាជាច្រើនម៉ោង ដែលអាចឮទៅដល់ចម្ងាយឆ្ងាយ និងបង្កជាពពកផ្សែងខ្មៅយ៉ាងធំគ្របដណ្តប់លើផ្ទៃមេឃ។ អាជ្ញាធរបានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៣ នាក់បានបាត់បង់ជីវិតភ្លាមៗ និងរាប់សិបនាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ដែលបច្ចុប្បន្នកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្បែរនោះ។
ក្រៅពីការបាត់បង់ជីវិតមនុស្ស ការផ្ទុះនេះក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយផ្ទះសម្បែងប្រជាពលរដ្ឋ និងយានយន្តជាច្រើនដែលនៅក្បែរតំបន់នោះត្រូវបានបំផ្លិចបំផ្លាញ។ ប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព ខណៈដែលកម្លាំងសមត្ថកិច្ចបានសម្រេចបិទផ្លូវ និងហ៊ុមព័ទ្ធតំបន់កើតហេតុទាំងស្រុង ដើម្បីបង្ការគ្រោះថ្នាក់ពីគ្រាប់យុទ្ធភណ្ឌដែលមិនទាន់ផ្ទុះ។
បច្ចុប្បន្ន ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះ កំពុងបន្តប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ដើម្បីគ្រប់គ្រងស្ថានភាព និងរុករកជនរងគ្រោះដែលដេកនៅក្រោមគំនរបាក់បែក។ រដ្ឋាភិបាលប៊ូរុនឌី ក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ហើយបានសន្យាថានឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់វិធានការបង្ការកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងជាថ្មីម្តងទៀត៕
ប្រភព៖Al Jazeera English


















