ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជំរុញឱ្យរាជធានី-ខេត្តនីមួយៗបង្កើត «អត្តសញ្ញាណពិសេស (Branding)» ដើម្បីបង្កើនភាពទាក់ទាញ និងតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍

ក្នុងគោលបំណងពង្រឹងឧត្តមភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវអនុសាសន៍គន្លឹះឱ្យរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ខិតខំបង្កើត «អត្តសញ្ញាណពិសេសផ្ទាល់ខ្លួន ឬ Branding» ដែលមានភាពទោល លេចធ្លោ និងពិសេសខុសពីគេ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនថែមទៀត។

 
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជំរុញឱ្យរាជធានី-ខេត្តនីមួយៗបង្កើត «អត្តសញ្ញាណពិសេស (Branding)» ដើម្បីបង្កើនភាពទាក់ទាញ និងតម្លៃបន្ថែមក្នុងវិស័យទេសចរណ៍

Singapore Airlines to Deploy 777 with First Class to Popular European City  - Aviation A2Zការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍” កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។ សិក្ខាសាលានេះក៏ជាផ្នែកមួយនៃការត្រៀមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដោយមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន និងអ្នកពាក់ព័ន្ធសរុបជាង ៥០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា៖ «ការបង្កើត Branding ផ្ទាល់របស់ខេត្តនីមួយៗ គឺជាតម្លៃបន្ថែមខ្ពស់បំផុតក្នុងវិស័យទេសចរណ៍។ ប្រសិនបើខេត្តនីមួយៗមានចំណុចទាក់ទាញដែលមិនអាចរកបាននៅកន្លែងផ្សេង វានឹងក្លាយជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរឱ្យចង់មកសម្រាកកម្សាន្ត និងស្នាក់នៅបានយូរ»។

បន្ថែមពីលើនេះ ឯកឧត្តមបានបង្ហាញពីសមិទ្ធផលដ៏មោទនៈក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,៥៧លាននាក់ និងទេសចរជាតិប្រមាណ ២៥,១៦លាននាក់ (កើនឡើង ១១,៧%) ដោយនាំមកនូវចំណូលប្តូរប្រាក់អន្តរជាតិប្រមាណ ៣,៨៧៨ លានដុល្លារអាម៉េរិក។ លទ្ធផលនេះស្តែងឱ្យឃើញពីភាពធន់នៃវិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពគ្រប់វិស័យ។

ដើម្បីបន្តជំរុញកំណើននេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់ភាគីអនុវត្តតាមទិសស្លោក៖ ១. «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ២. «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ៣. «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»

គួរជម្រាបផងដែរថា ក្នុងអង្គសិក្ខាសាលានេះ ក៏មានការរៀបចំវេទិកាពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួន២ រួមមាន៖ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពតាមដងទន្លេ និងការអភិវឌ្ឍខ្សែទស្សនកិច្ចទេសចរណ៍ភូមិភាគឦសាន។ គោលដៅធំបំផុតគឺការបង្កើនគុណភាពសេវាកម្ម ការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ ដើម្បីប្រែក្លាយខេត្តក្រចេះ និងខេត្តភូមិភាគឦសាន ឱ្យក្លាយជាគោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញបំផុតសម្រាប់អនាគត៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia