អុីរ៉ង់វាយប្រហារដោយមីស៊ីលកម្រិតធ្ងន់ ធ្វើឱ្យមនុស្ស ១៤ នាក់របួស និងបង្កការខូចខាតយ៉ាងខ្លាំងលើ អុីស្រាអែល មុនពិធីបុណ្យ Passover
ស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំង បន្ទាប់ពីប្រទេសអុីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំបំផុតមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទៅលើទីក្រុងជាច្រើនរបស់អុីស្រាអែល។
ហេតុការណ៍នេះបានកើតឡើងនៅចំពេលដែលប្រជាជនជ្វីហ្វ កំពុងត្រៀមខ្លួនអបអរសាទរពិធីបុណ្យសាសនាដ៏សំខាន់គឺបុណ្យ Passover ដែលបានបង្ខំឱ្យពលរដ្ឋរាប់លាននាក់ត្រូវរត់រកជម្រកសុវត្ថិភាពទាំងយប់អាធ្រាត្រ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចអ៊ីស្រាអែល មីស៊ីលបាលីស្ទីកប្រមាណ ១០ គ្រាប់ត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ សំដៅមកកាន់តំបន់កណ្តាល និងភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ ក្រុមគ្រូពេទ្យបង្គាប់ការ Magen David Adom បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់បានរងរបួស ក្នុងនោះរួមមានកុមារីអាយុ ១១ ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទារក ២ នាក់ផ្សេងទៀតក៏បានរងរបួសដោយសារអំបែងកញ្ចក់ផងដែរ។
អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ យោធាអ៊ីស្រាអែលបានរកឃើញថា អ៊ីរ៉ង់បានប្រើប្រាស់ "គ្រាប់បែកចង្កោម" ក្នុងការវាយប្រហារលើកនេះ ដែលបង្កឱ្យមានការខ្ទាតគ្រាប់តូចៗរីករាលដាលពេញតំបន់ទីប្រជុំជន បណ្តាលឱ្យខូចខាតផ្ទះសម្បែង រថយន្ត និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងសួនកុមារផងដែរ នៅក្នុងក្រុង Bnei Brak និង Petah Tikva។ សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងឥតដាច់ ខណៈដែលប្រព័ន្ធការពារដែនអាកាសព្យាយាមស្ទាក់ចាប់មីស៊ីលទាំងនោះ។
ការវាយប្រហារនេះបានកើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានលើកឡើងថា សង្រ្គាមអាចនឹងបញ្ចប់ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ទៀត។ ទោះជាយ៉ាងណា តាមរយៈសកម្មភាពយោធាចុងក្រោយនេះ បង្ហាញថាអ៊ីរ៉ង់នៅតែបន្តការសងសឹកយ៉ាងសស្រាក់សស្រាំ។ អាជ្ញាធរអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងអំឡុងពេលបុណ្យសម្រាកនេះ ខណៈដែលកម្លាំងទ័ពអាកាសកំពុងត្រៀមលក្ខណៈវាយបកវិញគ្រប់ពេលវេលា៕



ប្រភព៖Al Jazeera English


















