អភិបាលខេត្តតាកែវ ៖ ខេត្តតាកែវគ្មានស្គេមអនឡាញ (Scams Online) និងធានាការពារសុវត្ថិភាពអ្នកវិនិយោគ

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការធានាការពារនូវសុខសុវត្ថិភាព ជូនដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ។ ជាពិសេស ឯកឧត្តម បានធ្វើការអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានការឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) ឡើយ។

 
អភិបាលខេត្តតាកែវ ៖ ខេត្តតាកែវគ្មានស្គេមអនឡាញ (Scams Online) និងធានាការពារសុវត្ថិភាពអ្នកវិនិយោគ

ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញអំពីបញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាពជូនក្រុមអ្នកវិនិយោគ និងបានជំរុញឱ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអូសទាញអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ដើម្បីបង្កើតឱកាសការងារឱ្យកាន់តែច្រើនឡើងជូនបងប្អូនប្រជាពលរដ្ឋ។

ជាលទ្ធផល ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មានក្រុមហ៊ុនវិនិយោគចំនួន ៥២ បានមកបើករោងចក្រនៅក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង ១៧០លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារបានចំនួនជិត ៣ម៉ឺនកន្លែង៕

 

 

 

 

 

 

 

 

 

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ