សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់វីរកងទ័ព​ទាំងអស់​ កំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​

ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ ស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង​ ក្នុងការលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

 
សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់វីរកងទ័ព​ទាំងអស់​ កំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​

តាមរយៈបណ្តាញទំនាក់ទំនងសង្គមការងារផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត​ ក្រុមការងារថ្នាក់ជាតិ​ ក្រសួង/ស្ថាប័ន​ កងកម្លាំងគ្រប់ប្រភេទ​ ដែលបានចូលរួមប្រចាំការ​ និងបំពេញភារកិច្ចរបស់ខ្លួន​ បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ​ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ​ សម្តេចក៏ថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនស្ម័គ្រចិត្តទាំងអស់​ រួមទាំងបងប្អូនអ្នកអនាម័យ​បរិស្ថាន​ អ្នកបើកបរ​ និងក្រុមការងារពាក់ព័ន្ធ​ដែលបានធ្វើការលះបង់​ ស្ម័គ្រចិត្តចូលរួមបម្រើការ​ សហការ​ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត​នៅរាជធានីភ្នំពេញ​ និងសង្ក្រាន្តទូទាំងប្រទេស​ ក្នុងការលើកកម្ពស់វប្បធម៌​ ប្រពៃណី​ ថែរក្សាអត្តសញ្ញាណជាតិខ្មែរ​ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារ​ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ​ ជាមួយនឹងជួរមុខជាប់ជានិច្ច​ ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរ​ដល់វីរកងទ័ព​ទាំងអស់​ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន​ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ​ផងដែរ​។

សម្តេចបានជូនពរដល់ប្រជាពលរដ្ឋទាំងអស់​ ធ្វើដំណើរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ​ មុខរបរទាំងអស់​ សូមសមប្រកបដោយសុខសុវត្ថិភាព​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ​ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី​ ក៏នៅកំពុងបម្រើសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ​ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ​ និងសុខសុវត្ថិភាព។

ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia