អុីស្រាអែលសម្រេចទិញយន្តហោះចម្បាំងជំនាន់ថ្មី F-35 និង F-15IA ពីសហរដ្ឋអាមេរិក ក្នុងកិច្ចព្រមព្រៀងរាប់ពាន់លានដុល្លារ
មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តជាផ្លូវការនូវផែនការទិញយន្តហោះចម្បាំងទំនើបៗបន្ថែមទៀតពីសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះធ្វើឡើងចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងស្ថិតក្នុងកម្រិតខ្ពស់ ហើយអ៊ីស្រាអែលត្រូវការការពង្រឹងឧត្តមភាពផ្លូវអាកាសរបស់ខ្លួន។
យោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីម្សិលមិញ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានផ្តល់ភ្លើងខៀវដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលរួមមានការទិញយកយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ២៥ គ្រឿងបន្ថែមទៀត (ដែលនឹងធ្វើឱ្យចំនួនសរុបឡើងដល់ ៧៥ គ្រឿង) និងយន្តហោះចម្បាំងប្រភេទ F-15IA ជំនាន់ថ្មីចំនួន ២៥ គ្រឿងផ្សេងទៀត។
កិច្ចព្រមព្រៀងនេះមានតម្លៃសរុបប្រហែល ១១ ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈជំនួយយោធារបស់សហរដ្ឋអាមេរិកទៅកាន់អ៊ីស្រាអែល។ យន្តហោះ F-15IA គឺជាម៉ូឌែល ពិសេសដែលត្រូវបានកែសម្រួលសម្រាប់តម្រូវការរបស់អ៊ីស្រាអែល ដែលមានសមត្ថភាពផ្ទុកអាវុធបានច្រើន និងអាចធ្វើប្រតិបត្តិការក្នុងចម្ងាយឆ្ងាយបានកាន់តែប្រសើរ។
អ្នកជំនាញយោធាយល់ឃើញថា ការបង្កើនកម្លាំងផ្លូវអាកាសនេះ គឺជាសារព្រមានដ៏ខ្លាំងក្លាមួយទៅកាន់គូសត្រូវក្នុងតំបន់ ជាពិសេសគឺប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត។ វាបង្ហាញថា អ៊ីស្រាអែលមិនត្រឹមតែពង្រឹងសមត្ថភាពការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រសិនបើមានតម្រូវការចាំបាច់ក្នុងកាលៈទេសៈសង្គ្រាម៕
ប្រភព៖CNA


















