លោក ត្រាំ ព្រមានធ្ងន់ៗថា អុីរ៉ង់អាចនឹងត្រូវបំផ្លាញមិននៅសេសសល់អ្វីទាំងអស់ ប្រសិនបើថ្នាក់ដឹកនាំប្រទេសនេះមិនប្រញាប់ប្រញាល់ឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានចេញសារព្រមានជាចំហថា អុីរ៉ង់អាចនឹងត្រូវបំផ្លាញខ្ទេចខ្ទីដល់កម្រិតមិននៅសេសសល់អ្វីទាំងអស់ ប្រសិនបើថ្នាក់ដឹកនាំប្រទេសនេះមិនប្រញាប់ប្រញាល់ឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយសហរដ្ឋអាមេរិកឱ្យបានឆាប់រហ័សនោះទេ។
ការព្រមានដ៏ស្រួចស្រាវនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Truth Social ដោយលោក ត្រាំ បានសរសេរសង្កត់ធ្ងន់ថា៖ សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងរាប់ថយក្រោយ ហើយពួកគេគួរតែប្រញាប់ឡើង បើមិនដូច្នោះទេ នឹងមិនមានអ្វីសេសសល់ពីពួកគេឡើយ។ សារនេះបានលេចឡើងភ្លាមៗ បន្ទាប់ពីកិច្ចចរចាបញ្ចប់ជម្លោះដែលមានរយៈពេលជាច្រើនខែ បានជាប់គាំងដោយសារភាគីទាំងពីរមិនអាចព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន។
យោងតាមរបាយការណ៍ ភាពទាល់ច្រកនៃកិច្ចចរចានេះបណ្តាលមកពីការទាមទារដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យអ៊ីរ៉ង់ផ្ទេរស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់ទាំងអស់ទៅឱ្យអាមេរិក និងកាត់បន្ថយទីតាំងនុយក្លេអ៊ែរឱ្យនៅសល់ត្រឹមតែមួយកន្លែងប៉ុណ្ណោះ។ ជាការឆ្លើយតប ភាគីអ៊ីរ៉ង់បានបដិសេធ និងទាមទារឱ្យមានការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុង និងការបង់ប្រាក់សំណងចំពោះការខូចខាតដែលបង្កឡើងដោយការវាយប្រហារយោធារបស់អាមេរិក និងអ៊ីស្រាអែលនាពេលកន្លងមក៕
ប្រភព៖Aljazeera


















