ស្វែងយល់ពី Air Force One៖ សេតវិមានលើមេឃ និងជានិមិត្តរូបនៃអំណាចរបស់ប្រធានាធិបតីអាមេរិក
"Air Force One" មិនត្រឹមតែជាយន្តហោះសម្រាប់ធ្វើដំណើរធម្មតានោះទេ ប៉ុន្តែវាគឺជាការិយាល័យចល័តដ៏ទំនើប និងជាបន្ទាយការពារលើអាកាសដែលអាចដឹកជញ្ជូនប្រធានាធិបតីទៅកាន់ទីកន្លែងណាក៏បាននៅជុំវិញពិភពលោក។
បើតាមនិយមន័យបច្ចេកទេស "Air Force One" គឺជាសញ្ញាហៅតាមវិទ្យុ (Call Sign) សម្រាប់យន្តហោះណាមួយរបស់កងទ័ពអាកាសអាមេរិកឱ្យតែមានវត្តមានប្រធានាធិបតីនៅលើនោះ។
យោងតាមព័ត៌មានផ្លូវការពីសេតវិមាន Air Force One គឺជាឈ្មោះហៅក្រៅសម្រាប់យន្តហោះកងទ័ពអាកាសដែលដឹកប្រធានាធិបតី។ បច្ចុប្បន្ន ឈ្មោះនេះសំដៅលើយន្តហោះដែលកែច្នៃពិសេសពីរគ្រឿង គឺប្រភេទ Boeing 747-200B និងមានលេខកូដសម្គាល់កន្ទុយ ២៨០០០ និង ២៩០០០។
លក្ខណៈពិសេសអស្ចារ្យនៃយន្តហោះនេះរួមមាន៖
សមត្ថភាពការពារខ្លួន៖ វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាការពារការវាយប្រហារដោយរលកអេឡិចត្រូម៉ាញ៉េទិច (EMP) និងមានប្រព័ន្ធទំនាក់ទំនងសន្តិសុខកម្រិតខ្ពស់បំផុត ដែលអនុញ្ញាតឱ្យប្រធានាធិបតីបញ្ជាការងារសង្រ្គាមពីលើអាកាសបាន ក្នុងករណីមានការវាយប្រហារលើសហរដ្ឋអាមេរិក។
ការហោះហើរគ្មានដែនកំណត់៖ យន្តហោះនេះអាចចាក់បំពេញប្រេងនៅលើអាកាសបាន ដែលធ្វើឱ្យវាមានសមត្ថភាពហោះហើរបានគ្រប់ទីកន្លែងក្នុងពិភពលោកដោយមិនចាំបាច់ចុះចត។
ភាពងាយស្រួលខាងក្នុង៖ មានផ្ទៃក្រឡាប្រើប្រាស់ ៤,០០០ ហ្វីតការ៉េ ចែកជា ៣ ជាន់ រួមមានបន្ទប់ធ្វើការផ្ទាល់ខ្លួន បន្ទប់សន្និសីទ និងបន្ទប់ពេទ្យដែលអាចប្រើប្រាស់ជាបន្ទប់វះកាត់បានទៀតផង។
(ប្រវត្តិ និងការប្រតិបត្តិការ) Air Force One ត្រូវបានគ្រប់គ្រង និងថែទាំដោយក្រុមដឹកជញ្ជូនផ្លូវអាកាសប្រធានាធិបតី ដែលជាផ្នែកមួយនៃការិយាល័យយោធានៃសេតវិមាន។ ការប្រើប្រាស់យន្តហោះនេះត្រូវបានចាប់ផ្ដើមឡើងចាប់តាំងពីសម័យលោកប្រធានាធិបតី John F. Kennedy ក្នុងឆ្នាំ ១៩៦២មកម្ល៉េះ៕
ប្រភព៖The Whites House


















