ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រដ្ឋបាលសាធារណៈដើរតួសំខាន់ក្នុងដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មគ្រប់កម្លាំងនយោបាយ និងស្វែងរកសុខសន្តិភាព
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញ ធ្វើបទឧទ្ទេសនាម ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនសិក្ខាកាមវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២៤ ដើម្បីចែករំលែកនូវដំណើរវិវត្ត និងកំណែទម្រង់រដ្ឋបាលសាធារណៈកម្ពុជា ជាពិសេសវិធានការកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។
ក្នុងនាមជាអ្នកជំនាន់ក្រោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្ម ការតស៊ូ និងការលះបង់របស់កម្មាភិបាលជំនាន់មុន ដែលបានកសាង និងស្តារប្រទេសឡើងវិញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដំណើរវិវត្តនៃរដ្ឋបាលសាធារណៈនៅកម្ពុជា ផ្សារភ្ជាប់ជាមួយដំណើរជាតិ ដែលឆ្លុះបញ្ចាំងតាមរយៈប្រវត្តិសាស្ត្រ, ឆ្លងកាត់បញ្ហាប្រឈម, ការពង្រឹងភាពធន់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ប្រកបដោយមោទនភាព និងឈរលើភាពជាក់ស្តែងនិយម ពិសេសក្រោយថ្ងៃរំដោះ គឺការប្រមូលផ្តុំពុទ្ធិ និងកៀរគរបញ្ញវន្ដដែលរួចពីស្លាប់ ដើម្បីរៀបចំប្រព័ន្ធ និងកសាងជាតិឡើងវិញ។ ជាបន្តបន្ទាប់ រដ្ឋបាលសាធារណៈបានដើរតួសំខាន់ក្នុងដំណោះស្រាយនយោបាយនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មគ្រប់កម្លាំងនយោបាយ និងស្វែងរកសុខសន្តិភាព និងបង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ។
ថ្នាកក់ដឹកនាំជាន់ខ្ពស់ខាងលើ បានបន្តថា ផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ការកែទម្រង់រដ្ឋបាលសាធារណៈនឹងបោះជំហានទៅមុខយ៉ាងរឹងមាំជាដំណាក់កាលៗ ដើម្បីកសាងប្រព័ន្ធរដ្ឋបាលតែមួយ ពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្នុងការឆ្លើយតបនឹងវិបត្តិនានា ជាក់ស្តែងដូចជាមេរៀន និងបទពិសោធចេញពីឆ្នាំ២០២៥។ នេះមិនត្រឹមតែសម្រាប់កត្តាផ្ទៃក្នុងនោះទេ ប៉ុន្តែគឺដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងភាពធន់របស់កម្ពុជា លើឆាកអន្តរជាតិ។
ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ឡើងវិញពីទស្សនវិជ្ជា «គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» ជាស្មារតីស្នូល ដែលមន្ត្រីគណបក្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។


ប្រភព៖ CTV9 HD






































