ស្ថានភាពតានតឹងកើនឡើងខ្លាំង បង្ខំឱ្យប្រជាជនប៉ាឡេស្ទីនបិទទ្វារផ្ទះ និងហាងទំនិញ

ស្ថានភាពនៅក្នុងតំបន់ដែលមានជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងធ្លាក់ក្នុងសភាពតានតឹងខ្លាំងឡើងវិញ។ យោងតាមសេចក្តីរាយការណ៍ពីរូបភាព និងព័ត៌មានរបស់ភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានបង្ហាញឱ្យឃើញថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មក ម្ចាស់ហាងទំនិញជាច្រើននៅក្នុងតំបន់ បានសម្រេចចិត្តបិទទ្វារហាងលឿនជាងធម្មតា។

 
ស្ថានភាពតានតឹងកើនឡើងខ្លាំង បង្ខំឱ្យប្រជាជនប៉ាឡេស្ទីនបិទទ្វារផ្ទះ និងហាងទំនិញ

ពួកគេបានប្រើប្រាស់សោរយ៉ាងធំៗចាក់បង្ខាំងទ្វារពីខាងក្រៅ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន។ចំណែកប្រជាពលរដ្ឋប៉ាឡេស្ទីនភាគច្រើន បានសម្រេចចិត្តសម្ងំនៅក្នុងផ្ទះ ដោយចាក់សោរបិទជិតឈឹង មិនហ៊ានចេញទៅក្រៅនោះទេ។
រូបភាពដែលផ្ដិតយកដោយអ្នកកាសែតរូបភាព Ohad Zwigenberg បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃ "ទីក្រុងខ្មោច" ដែលគ្មានចរាចរណ៍មនុស្សដើរកម្សាន្ត ឬធ្វើពាណិជ្ជកម្មដូចពេលមុនឡើយ។ ការសម្រេចចិត្តបិទខ្លួនឯងនៅក្នុងផ្ទះរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានអំពីការប៉ះទង្គិចគ្នាដោយអាវុធ ឬការវាយឆ្មក់ដែលអាចកើតមានឡើងគ្រប់វិនាទី។
ស្ថានភាពនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ថា សុវត្ថិភាពសាធារណៈនៅក្នុងតំបន់កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ នៅពេលដែលហាងទំនិញត្រូវបិទ និងប្រជាជនមិនអាចចេញក្រៅបាន វាមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបង្កើតជាវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់កុមារ និងមនុស្សចាស់ដែលរស់នៅក្រោមសម្ពាធនៃសង្រ្គាមផងដែរ។រហូតមកដល់ម៉ោងនេះ ពុំទាន់មានសញ្ញានៃការថមថយនៃភាពតានតឹងនៅឡើយទេ។


 



ប្រភព៖ 
Al Jazeera English