លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបអគ្គនាយកសហព័ន្ធសន្តិភាពសកល និងចុះហត្ថលេខាលើពិធីសារសំខាន់ចំនួន២

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young-ho អគ្គនាយកស្នាក់ការកណ្តាល UPF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ទទួលជួបអគ្គនាយកសហព័ន្ធសន្តិភាពសកល និងចុះហត្ថលេខាលើពិធីសារសំខាន់ចំនួន២

នៅក្នុងជំនួបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ លោកជំទាវបានរំលឹកនូវកិច្ចសហការ និងភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩ (APS-2019)  កាលពីឆ្នាំ២០១៩ នេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះផងដែរ លោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI  ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ដោយទទួលបាននូវសេចក្តីទុកចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា “លេខាធិការដ្ឋានស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច”  កាលពីខែកញ្ញា កន្លងទៅថ្មីៗនេះ។

សូមជម្រាបជូនផងដែរថា ក្រោយជំនួបសម្តែងការគួរសម ក៏មានពិធីចុះហត្ថុលេខាលើពិធីសារសំខាន់ៗចំនួន ២ ក្នុងនោះមាន៖

១. ពិធីសារស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) នឹងសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សារនិងការអភិវឌ្ឍ នៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ។

២. ពិធីសារនៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដេលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ National Assembly Of Cambodia