កងទ័ពអាមេរិកវាយកម្ទេចទូកចម្បាំង និងស្ទាក់ចាប់មីស៊ីលរបស់អុីរ៉ង់ នៅច្រកសមុទ្រ Hormuz

ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងធ្ងន់ធ្ងររវាងកងទ័ពសហរដ្ឋអាមេរិក និងកងកម្លាំងអុីរ៉ង់ នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ កន្លងទៅនេះ។

 
កងទ័ពអាមេរិកវាយកម្ទេចទូកចម្បាំង  និងស្ទាក់ចាប់មីស៊ីលរបស់អុីរ៉ង់ នៅច្រកសមុទ្រ Hormuz

យោងតាមការបញ្ជាក់ពីបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិក កងទ័ពអាមេរិកបានវាយកម្ទេចទូកចម្បាំងធុនតូចរបស់អ៊ីរ៉ង់ចំនួន ៦ គ្រឿង និងបានស្ទាក់ចាប់បំផ្លាញគ្រាប់មីស៊ីលគ្រូស (Cruise Missiles) ព្រមទាំងដ្រូនសម្លាប់មនុស្សជាច្រើនគ្រឿងទៀត។ ការវាយប្រហារនេះបានកើតឡើង ខណៈដែលទីក្រុងតេអេរ៉ង់បានព្យាយាមរារាំងប្រតិបត្តិការជើងទឹកថ្មីរបស់អាមេរិក ដែលមានឈ្មោះថា "Project Freedom"។
ប្រតិបត្តិការ "Project Freedom" នេះ ត្រូវបានប្រកាសឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណងបើកផ្លូវនាវាចរណ៍ឡើងវិញសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញរាប់រយគ្រឿង ដែលបានជាប់គាំងអស់រយៈពេលជាច្រើនខែ ដោយសារតែការបិទខ្ទប់ពីសំណាក់ភាគីអ៊ីរ៉ង់។
ឧត្តមនាវីឯក Brad Cooper បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រអាមេរិកប្រភេទ Apache និង Seahawk បានបាញ់កម្ទេចទូកអ៊ីរ៉ង់ដែលបានគំរាមកំហែងដល់សុវត្ថិភាពនាវាស៊ីវិល។ ចំណែកឯប្រព័ន្ធការពារអាកាសរបស់អាមេរិកបានស្ទាក់ចាប់រាល់ការវាយប្រហារដោយមីស៊ីល ដែលសំដៅមកលើនាវាបំផ្លាញចោល (Destroyers) របស់ខ្លួន និងនាវាពាណិជ្ជកម្មដទៃទៀត។
ការឆ្លើយតបភាគីអ៊ីរ៉ង់បានច្រានចោលរបាយការណ៍ដែលថាទូករបស់ខ្លួនត្រូវបានកម្ទេច ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនបានបាញ់មីស៊ីល និងដ្រូន ដើម្បីជាការព្រមានដល់កងទ័ពបរទេសដែលចូលមកក្នុងដែនទឹកយុទ្ធសាស្ត្រមួយនេះ។
បច្ចុប្បន្ន សហរដ្ឋអាមេរិកនៅតែបន្តឈរជើងការពារនៅតំបន់នោះ ដើម្បីធានាថាច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក អាចដំណើរការទៅមុខបាន៕

US 'obliterated' targets on Iran's key oil island, says Trump — as it  happened

ប្រភព៖Reuters