កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចូលរួមជាសក្ខីភាព ក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។


នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម និងបុរេសកម្ម ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀតហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នាពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលើកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដេីមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។
កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយសមភាគី កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕










































