កម្ពុជា-អាមេរិក បន្តរឹតចំណងមិត្តភាពកាន់តែស្អិតរមួត

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រតិភូកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដឹកនាំដោយលោក CDR J. Recame មេបញ្ជាការនាវា USS CINCINNATI ក្នុងឱកាសដែលនាវានេះបានចូលចតនៅមូលដ្ឋានសមុទ្ររាម។

 
កម្ពុជា-អាមេរិក បន្តរឹតចំណងមិត្តភាពកាន់តែស្អិតរមួត

ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនប្រតិភូអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។ កំណើនសេដ្ឋកិច្ច៖ សម្រេចបាន ៥,៤% ជាមួយ GDP មធ្យមសម្រាប់មនុស្ស ម្នាក់ ៤ ២០០ដុល្លារ មានកោះចំនួន ៣២ និងឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដោយបែងចែកជា ៤តំបន់ (ឧស្សាហកម្ម -ភស្តុភារកម្ម, ទីក្រុងសមាហរណកម្ម, ទេសចរណ៍ធម្មជាតិ និងកសិកម្ម)។ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យមានជម្រៅទឹកដល់ ១៧,៥០ ម៉ែត្រ នៅឆ្នាំ២០៣០ និងកម្មវិធីពិសេសជំរុញការវិនិយោគរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម ម៉ាង ស៊ីណេត បានសង្កត់ធ្ងន់ថា ការចូលចតនាវានាពេលនេះ គឺជាការអបអរសាទរខួបលើកទី៧៦ នៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក។ ឯកឧត្តមបានរំលឹកពីប្រវត្តិសាស្ត្រមិត្តភាព ដូចជាការកសាងផ្លូវជាតិលេខ៤ តាំងពីឆ្នាំ១៩៥៥ និងផ្លូវ ចន ខេនឌី នៅតាមឆ្នេរសមុទ្រ ដែលជាសក្ខីភាពនៃចំណង មិត្តភាពរឹងមាំ។

លោកមេបញ្ជាការ CDR J. Recame បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា ការចូលចតនៅមូលដ្ឋានសមុទ្ររាមនេះ មានគោល បំណង ពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ និងការងារមនុស្សធម៌។ លោកបានបន្ថែមថា កងទ័ពជើងទឹកទាំងពីរនឹងមានសកម្មភាពរួមគ្នាជាច្រើនដូចជា៖
• ការប្រកួតកីឡាបាល់ទាត់មិត្តភាព។
• ការផ្លាស់ប្តូរបទពិសោធន៍លើផ្នែកវិជ្ជសាស្ត្រ និងបច្ចេកទេសលម្ហសមុទ្រ។
• កម្មវិធីទទួលស្វាគមន៍ជាផ្លូវការនៅលើនាវា USS CINCINNATI។
លោកមេបញ្ជាការនាវា ក៏បានសម្តែងការកោតសរសើរចំពោះភាពស្រស់ស្អាតនៃខេត្តព្រះសីហនុ និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋកម្ពុជា។ ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត ទៅកាន់ប្រជាជន និងអ្នកវិនិយោគទុនសហរដ្ឋអាមេរិក ឱ្យមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន ឡើងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន