អាមេរិក ព្រមានអង់គ្លេសមិនឱ្យប្រគល់មូលដ្ឋានទ័ព Diego Garcia ឱ្យទៅប្រទេស Mauritius
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានយ៉ាងធ្ងន់ៗទៅកាន់ចក្រភពអង់គ្លេស ជុំវិញគម្រោងប្រគល់ប្រជុំកោះ Chagos ទៅឱ្យប្រទេស Mauritius ដែលក្នុងនោះរួមមានទាំងមូលដ្ឋានទ័ពយុទ្ធសាស្ត្រដ៏សំខាន់ Diego Garcia ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានជំរុញឱ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កុំបាត់បង់ការគ្រប់គ្រងលើមូលដ្ឋានទ័ព Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា មិនថាស្ថិតក្នុងហេតុផលណាក៏ដោយ។ លោកបានបញ្ជាក់ថា មូលដ្ឋានទ័ពនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក ជាពិសេសប្រសិនបើចាំបាច់ត្រូវបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។
មូលដ្ឋានទ័ព Diego Garcia គឺជាទីតាំងយុទ្ធសាស្ត្រដែលអាមេរិកជួលពីអង់គ្លេសតាំងពីឆ្នាំ ១៩៦៦។ ក្រោមការព្រមព្រៀងថ្មីរបស់រដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន អង់គ្លេសនឹងប្រគល់អធិបតេយ្យភាពកោះនេះទៅឱ្យ Mauritius ប៉ុន្តែត្រូវជួលមូលដ្ឋានទ័ព Diego Garcia ត្រឡប់មកវិញក្នុងរយៈពេល ៩៩ ឆ្នាំ។
លោក ត្រាំ បានហៅការសម្រេចចិត្តប្រគល់កោះនេះថាជា "ភាពល្ងង់ខ្លៅបំផុត" និងជាចំណុចខ្មៅសម្រាប់សម្ព័ន្ធមិត្តរបស់អាមេរិក។ លោកបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់សម្រេចមិនព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីទេ អាមេរិកប្រហែលជាត្រូវប្រើប្រាស់មូលដ្ឋាន Diego Garcia ដើម្បីកម្ចាត់ការវាយប្រហារដែលអាចកើតមានលើរបបទីក្រុងតេអេរ៉ង់ ដែលលោកចាត់ទុកថាជា "របបមិនស្ថិតស្ថេរ និងគ្រោះថ្នាក់"៕


















