បទវិចារណកថា៖ សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ! យន្តការច្បាប់អន្តរជាតិ ការទូត និងចរចា ទើបអាចបញ្ចប់សង្គ្រាមបាន

ប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរងការខ្ទេចខ្ទាំដោយសារសង្គ្រាម ពិតណាស់ការឈឺចាប់ ការរងទុក្ខវេទនា គឺកម្ពុជាបានភ្លក់រសជាតិសព្វគ្រប់ និងជាច្រើនដងរួចមកចាប់តាំងពីក្រោយសម័យអាណាចក្រអង្គរដ៏រុងរឿងដែលមានផ្ទៃដីលាតសន្ធឹងដ៏ធំធេង រហូតមកដល់សម័យបច្ចុប្បន្ននេះ។

 
បទវិចារណកថា៖ សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេ! យន្តការច្បាប់អន្តរជាតិ ការទូត និងចរចា ទើបអាចបញ្ចប់សង្គ្រាមបាន

ក្រឡេកមើលទៅអតីតកាលដែលជាសម័យសង្គ្រាមវាតទីទឹកដីដោយប្រទេសជិតខាង និងសង្គ្រាមផ្ទៃក្នុង បានធ្វើឱ្យកម្ពុជាចុះខ្សោយបន្តិចម្តងៗ ពេលខ្លះក៏ឈ្នះ ពេលខ្លះក៏ចាញ់ ប៉ុន្តែសង្គ្រាមទាំងនេះមិនបានបញ្ចប់ភ្លាមៗនោះទេ នៅតែជាសង្គ្រាមរ៉ាំរ៉ៃបន្តទៀត។

តួយ៉ាងដូចជាជ័យជម្នះ ៧ មករា ១៩៧៩ ដែលប្រជាជនកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ រួចផុតពីការកាប់សម្លាប់ដោយពួកខ្មែរក្រហម ប៉ុន្តែនោះមិនបានបញ្ចប់សង្គ្រាមនោះទេ ដោយខ្មែរក្រហមបានទៅឈរជើងនៅទីតាំងតាមព្រំដែន និងតំបន់មួយចំនួន ដែលបង្កគ្រោះថ្នាក់ និងនៅតែជាការគំរាមកំហែង ដល់សុខសុវត្ថិភាពសង្គមកម្ពុជាដដែល។

ថ្ងៃដែលកម្ពុជាមានសន្តិភាពពិតប្រាកដ ដែលមានព្រះរាជាមួយអង្គ មានទឹកដីតែមួយ មានកងយោធពលខេមរភូមិន្ទតែមួយ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនៅពេលនោះ ក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អង្គការចាត់តាំងខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង។

សាធារណជន ពិតជាចាំច្បាស់នូវប្រសាសន៍ របស់ សម្តេចតេជោ ហ៊ុន សែន ដែលថា “សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមនោះទេ!”។ ការរំលាយអង្គការចាត់តាំងខ្មែរក្រហមទាំងស្រុងនៅពេលនោះគឺដោយការចរចាទាំងស្រុង ក្រោមយុទ្ធសាស្រ្ត “ឌីហ្វីត” (DIFID) របស់ សម្តេចតេជោ។

ជាការពិតណាស់ នេះគឺជាមោទនភាពរបស់កម្ពុជា ដែលអាចបញ្ចប់សង្រ្គាមស៊ីវិលដែលអូសបន្លាយរាប់ទសវត្សរ៍បាន។ ប៉ុន្តែ អ្វីដែលយើងព្រួយបារម្ភនោះ គឺការទប់ទល់ និងការព្យាយាមបញ្ចប់សង្គ្រាមវាតទីទឹកដីជាមួយថៃ ដែលបានឈ្លានពានមកលើប្រទេសកម្ពុជា កន្លងមកនេះ។

ក្នុងជម្លោះព្រំដែនជាមួយថៃនៅសម័យថ្មីនេះ កម្ពុជាយើងមានបញ្ហាជាបន្តបន្ទាប់ ក៏ព្រោះតែថៃ តែងតែប្រើផែនទីឯកតោភាគី ដែលគូសវាសដោយខ្លួនឯង ដោយមិនព្រមប្រើផែនទីព្រំដែនដែលបន្សល់ទុកដោយអាណានិគម ដែលជាខ្សែបន្ទាត់ព្រំដែនមិនកែប្រែ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះឡើយ។

យើងសូមរម្លឹកជូនសាធារណជនថា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ គឺជាកំណត់គោលការណ៍ព្រំដែនដោយផ្អែកលើខ្សែអង្កត់ទឹកធំ (Watershed Line) និងបានបង្កើតគណៈកម្មការចម្រុះដើម្បីកំណត់ព្រំដែនជាក់លាក់ ហើយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានសម្រេចឱ្យសៀមប្រគល់ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស៊ីសុផុនទៅបារាំងវិញ (កម្ពុជា)។ យោងតាមសន្ធិសញ្ញានេះដែរ បារាំងបានប្រគល់ដានសៃ ត្រាត និងកោះខ្លះនៅភាគខាងត្បូងទៅសៀម។

ពិតណាស់ អ្វីៗមើលទៅគឺបានបញ្ចប់ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងបារាំង-សៀម ប៉ុន្តែតាមរយៈផែនទីឯកតោភាគី ដែលថៃគូសដោយខ្លួនឯង គ្មានតម្លៃគតិយុត្ត និងមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ បន្តិចណាសោះនោះ ដែលបង្កជាបញ្ហាជាបន្តបន្ទាប់មកទល់បច្ចុប្បន្ននេះ។

គួររម្លឹកថា ចាប់តាំងពីកម្ពុជាបានទទួលឯករាជ្យនៅក្នុងឆ្នាំ១៩៥៣ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ បានកើតឡើង ៣លើករួចមកហើយ ដោយលើកទី១ កាលពីអំឡុងឆ្នាំ១៩៥៤-១៩៥៥ ដែលឈានដល់ដំណោះស្រាយដោយនីតិវិធីច្បាប់អន្តរជាតិ តាមរយៈសាលក្រមតុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ១៩៦២។ លើកទី២ គឺនៅក្នុងអំឡុងឆ្នាំ២០០៨-២០១១ ដែលការប៉ះទង្គិចគ្នា ត្រូវបានបញ្ចប់នៅឆ្នាំ២០១៣ ដោយប្រទេសទាំងពីរយកគោលការណ៍ច្បាប់ និងការទូត ដើម្បីដោះស្រាយដូចគ្នា។ ចំណែកលើកទី៣ គឺនៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសង្គ្រាមឈ្លានពាន និងបានគិតទុកជាមុនរបស់ប្រទេសថៃ។

នាពេលកន្លងមក គ្រប់ពេលដែលជួបប្រទះបញ្ហាព្រំដែន ភាគីទាំងពីរតែងតែបញ្ចប់ជម្លោះដោយយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីធានាឱ្យទំនាក់ទំនងប្រទេសទាំងពីរបន្តទៅមុខ ដោយកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងពីរ ដែលនេះ គឺជាឆន្ទៈចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់ ក្នុងការកសាងខ្សែព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

យើងបានឃើញទាំងអស់គ្នាហើយថា សង្គ្រាមឈ្លានពានចំនួនពីរលើក ក្នុងខែកក្កដា និងក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ មិនបានបញ្ចប់ដោយមានអ្នកឈ្នះ ឬអ្នកចាញ់ទេ គឺមានតែការខូចខាត ការរងរបួស និងការស្លាប់ ទាំងជនស៊ីវិល និងទាហាន។ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកយន្តការចរចា និងការទូតដើម្បីបញ្ចប់សង្គ្រាមនេះ តាមរយៈបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ចាប់តាំងពីមានបទឈប់បាញ់មក រាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ទាំងសម្លេង និងសកម្មភាពពីការប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង សេចក្តីប្រកាសរួមនានា ដែលភាគីទាំងពីរបានឯកភាពគ្នា ហើយបាននិងកំពុងសស្រាក់សស្រាំក្នុងការប្រើយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបញ្ចប់បញ្ហា។ ទោះបីជាយ៉ាងណា អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺភាគីថៃបន្តរំលោភបំពាន តាមរយៈសកម្មភាពដ៏គឃ្លើនដោយការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

ជាការពិតណាស់ នេះគឺជាទង្វើបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait acompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងជ្រើសយកយន្តការច្បាប់អន្តរជាតិ និងយន្តការការទូត ដែលសង្ឃឹមថានឹងអាចបញ្ចប់ជម្លោះនេះបាន និងទទួលបាននូវសន្តិភាពយូរអង្វែងសម្រាប់ព្រំដែននៃប្រទេសទាំងពីរ។

សកម្មភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗ រាប់ទាំងការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ការផ្តល់បទសម្ភាសន៍ជូនដល់សារព័ត៌មានធំៗរបស់អាម៉េរិក និងការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធំៗទាំងនៅអាម៉េរិក និងនៅអឺរ៉ុប ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់នូវការជ្រើសយកវិធីការទូត ជាជាងជ្រើសយកសង្គ្រាម ដែលជាការបំផ្លិចបំផ្លាញដ៏មហាសាល។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារបារាំង AFP នៅប្រទេសបែលហ្សិក កាលពីថ្ងៃម្សិលមិញនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជំហរចង់បន្ធូរបន្ថយភាពតានតឹងជាមួយថៃ និងចង់បានដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់ជាធំក្នុងការដោះស្រាយបញ្ហាព្រំដែននេះ។

ជាសរុបរួម យើងទាំងអស់គ្នាត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើយុទ្ធសាស្រ្តដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំដទៃទៀត ដែលបាននិងកំពុងស្វាហាប់ ពុះពារ ដើម្បីស្វែងរកសន្តិភាពពិតប្រាកដ និងយូរអង្វែងសម្រាប់ព្រះរាជាណាចក្រកម្ពុជានៃយើងទាំងអស់គ្នា។

អាស្រ័យហេតុនេះ យើងត្រូវព្យាយាមបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាម ដូចដែល សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាច្រើនដងហើយថា “សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការដោះស្រាយតាមរយៈការសន្ទនាប៉ុណ្ណោះ។ កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្តបាន មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព”៕

អត្ថបទ៖ AKP ប្រភព៖ ក្រសួងព័ត៌មាន