ក្រុមហ៊ុន DKSH និងក្រសួងឧស្សាហកម្ម ពិភាក្សាកិច្ចសហការប្រើប្រាស់បណ្តាញចែកចាយដើម្បីពង្រីកការផលិតនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន DKSH កម្ពុជា ដឹកនាំដោយលោក Suphadip Mitra ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ ដែលអាចជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការលើកកម្ពស់គុណភាព ពង្រីកផលិតកម្ម និងទីផ្សារ។

 
ក្រុមហ៊ុន DKSH និងក្រសួងឧស្សាហកម្ម ពិភាក្សាកិច្ចសហការប្រើប្រាស់បណ្តាញចែកចាយដើម្បីពង្រីកការផលិតនៅកម្ពុជា

លោក Mitra បានបញ្ជាក់ថា DKSH ចង់ពង្រីកការរួមចំណែករបស់ខ្លួន ជាមួយសហគ្រាសផលិតក្នុងស្រុក និងក្នុងកំណើនរបស់កម្ពុជា ដោយលើកឡើងថា៖ "កម្ពុជាកំពុងបោះជំហានរីកចម្រើនទៅមុខ ហើយ​យើងពិតជាចង់ក្លាយជាចំណែកដ៏សំខាន់មួយនៃដំណើរនេះ។”

លោកបានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការនាំយកផលិតផលខ្មែរដែលមានសក្តានុពលកាន់​តែច្រើន ចូល​ក្នុងផលប័ត្រអាជីវកម្មរបស់ខ្លួន ដោយសហការជាមួយក្រសួង ដើម្បីភ្ជាប់ផលិតផលទាំង​នោះ​ទៅកាន់បណ្តាញ​ចែកចាយ និងបណ្តាញពាណិជ្ជកម្មទំនើប។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍គម្រោងរបស់ក្រុមហ៊ុន ដោយលើកឡើងថា៖ "លទ្ធភាពឈានចូលទីផ្សារទាមទារការត្រៀមលក្ខណៈសមស្របរបស់សហគ្រាស។ យើងមានផលិតផលក្នុងស្រុករាប់ពាន់មុខ ប៉ុន្តែមិនមែនគ្រប់ផលិតផលសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ សម្រាប់ទីផ្សារទាំងអស់ទេ។ គុណភាព ស្តង់ដា សុវត្ថិភាព ភាពទាក់ទាញ និងតម្លៃ គឺជាកក្តាគន្លឹះ។"

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងធ្វើអាទិភាវូបនីយកម្ម ‘ទំនិញយុទ្ធសាស្ត្រ’ ដើម្បីជំរុញការផលិតនៅក្នុងស្រុក និងបង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ ទន្ទឹមនឹងនោះគាំទ្រសហគ្រាសក្នុងស្រុក ឱ្យមានលទ្ធភាពពង្រីកខ្លួន និងអនុលោមតាមស្តង់ដា ជាជំហានៗ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចនូវកំណែទម្រង់ដែលក្រសួងកំពុងអនុវត្ត ដើម្បីពង្រឹងអនុលោមភាព និងទំនុកចិត្តអ្នកប្រើ​ប្រាស់ ដូចជាការកែលម្អសេវាចុះបញ្ជីផលិតផល (ចបផ) គំនិតផ្តួចផ្តើមដាក់ឱ្យអនុវត្តប្រព័ន្ធឌីជីថលផ្ទៀងផ្ទាត់ទំនិញ និងកំណត់អត្តសញ្ញាណ​ផលិតផលជាដើម។ ក្រសួងនឹងផ្តល់ការគាំទ្រចាំបាច់នានាដល់ក្រុមហ៊ុន ដើម្បីជួយជំរុញផលិតផលក្នុងស្រុកឱ្យដល់បណ្តាញទីផ្សារ។

តំណាងក្រុមហ៊ុន DKSH បានបង្ហាញវិសាលភាព និងសមត្ថភាពចែកចាយទំនិញទូទាំងប្រទេស​របស់ខ្លួន ដែលមានអ្នកឯកទេសប្រមាណ ១.៥០០នាក់ និងបណ្តាញលក់រាយរហូតដល់ ២៨.៧០០កន្លែង ព្រម​ទាំង​ប្រវត្តិប្រតិបត្តិការដ៏យូរអង្វែងនៅកម្ពុជា។ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនមានគោលបំណង ផ្តោតកិច្ច​សហប្រការនេះលើអាទិភាពចំនួន៤ គឺ ការបង្កើតតម្លៃបន្ថែមក្នុង​ស្រុក, ការជំរុញសហគ្រា​សធុនតូច​ និង​មធ្យម​ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ និងពង្រីកខ្លួន, ការត្រៀមលក្ខណៈសម្រាប់នាំចេញ, និងអនុលោមភាព សុវត្ថិភាព និងស្តង់ដារគុណភាព។



 




 


 






ប្រភព៖ 
ក្រសួងព័ត៌មាន