ព្រឹទ្ធសភាអាមេរិកដេញដោលក្រុមការងារ មន្ត្រីផ្នែកស៊ើបការណ៍សម្ងាត់ របស់លោក Donald Trump ជុំវិញរឿងសង្រ្គាមនៅអុីរ៉ង់
ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងយ៉ាងខ្លាំង ខណៈដែលគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក បានកោះហៅមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក Donald Trump មកដេញដោលជុំវិញការសម្រេចចិត្តផ្ទុះអាវុធប្រឆាំងនឹងអុីរ៉ង់ ដែលបានឈានចូលដល់សប្តាហ៍ទី ៣ ហើយនៅពេលនេះ។
កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៦ លោកស្រី Tulsi Gabbard ប្រធានប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (DNI) បានប្រឈមមុខនឹងសំណួរដេញដោលយ៉ាងចាស់ដៃពីសំណាក់សមាជិកព្រឹទ្ធសភា ជុំវិញបញ្ហា "ការគំរាមកំហែងបន្ទាន់" ពីសំណាក់អ៊ីរ៉ង់។ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានចោទសួរថា តើសហរដ្ឋអាមេរិកមានភស្តុតាងច្បាស់លាស់ដែរឬទេ មុននឹងសម្រេចចិត្តវាយប្រហារតាមអាកាសកាលពីថ្ងៃទី ២៨ ខែកុម្ភៈ?
ជាការឆ្លើយតប លោកស្រី Gabbard បានបដិសេធមិនផ្តល់ចម្លើយផ្ទាល់ ដោយបញ្ជាក់ថា ការកំណត់និយមន័យនៃការគំរាមកំហែងបន្ទាន់ គឺជាការទទួលខុសត្រូវរបស់ប្រធានាធិបតីផ្ទាល់។ទន្ទឹមនឹងនេះ បញ្ហាសេដ្ឋកិច្ចសកលក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ បន្ទាប់ពីអ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុត ។
ទោះបីជាលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញការភ្ញាក់ផ្អើលចំពោះចំណាត់ការនេះ ក៏ដោយក៏សមាជិកព្រឹទ្ធសភាបានអះអាងថា ក្រុមស៊ើបការណ៍សម្ងាត់ បានព្រមានទុកជាមុនរួចជាស្រេចនូវផលវិបាកមួយនេះ។សូមជម្រាបថាសវនាការនេះ កាន់តែក្តៅគគុក បន្ទាប់ពីមានការលាលែងពីតំណែងរបស់លោក Joe Kent ប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ ដើម្បីតវ៉ានឹងសង្រ្គាមនេះ។ លោក Kent បានបញ្ជាក់ថា លោកមិនអាចបន្តការងារបានឡើយ ព្រោះលោកយល់ថា អ៊ីរ៉ង់មិនបានបង្កការគំរាមកំហែងដល់សន្តិសុខអាមេរិកដល់កម្រិតដែលត្រូវធ្វើសង្រ្គាមនោះទេ៕


![]()
ប្រភព៖ Reuters


















