តម្លៃប្រេងឥន្ធនៈនៅហុងកុងហក់ឡើងខ្ពស់ ជំរុញឱ្យអ្នកបើកបរសម្រុកទៅចាក់សាំងនៅចិនដីគោក
ស្របពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងបន្តរុញច្រានតម្លៃប្រេងពិភពលោកឱ្យហក់ឡើង ទីក្រុងហុងកុងនៅតែរក្សាតំណែងជាទីក្រុងដែលមានតម្លៃប្រេងថ្លៃបំផុត ។ ស្ថានភាពនេះបានបង្កើតឱ្យមានបាតុភូតថ្មីមួយ គឺការសម្រុកទៅចាក់សាំងនៅទីក្រុងសិនជិន ប្រទេសចិន ដែលមានតម្លៃថោកជាងដល់ទៅ ៣ ដង។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពគិតត្រឹមថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ តម្លៃប្រេងសាំងស៊ុបពែរ (Premium) នៅហុងកុងបានហក់ឡើងដល់ជាង ៣២ ដុល្លារហុងកុង ក្នុងមួយលីត្រ។ តម្លៃដ៏ខ្ពស់កប់ពពកនេះ បានធ្វើឱ្យអ្នកបើកបររថយន្តឯកជនជាច្រើនដែលមានស្លាកលេខទ្វេប្រទេស (Dual-plate) សម្រេចចិត្តបើកបរឆ្លងកាត់ព្រំដែនទៅកាន់ទីក្រុងសិនជិន ដើម្បីចាក់សាំង។
អ្នកបើកបរម្នាក់បានលើកឡើងថា៖ តម្លៃប្រេងនៅហុងកុងថ្លៃពេកហើយ ខ្ញុំសុខចិត្តទៅកន្លែងណាដែលថោកជាង។ ការចាក់សាំងមួយពេញធុងនៅចិនដីគោក អាចជួយឱ្យអ្នកបើកបរម្នាក់ៗសន្សំប្រាក់បានរហូតដល់ទៅជិត ១,០០០ ដុល្លារហុងកុង បើធៀបនឹងការចាក់នៅហុងកុងផ្ទាល់។
ទោះជាយ៉ាងណា និន្នាការនេះមិនបានផ្ដល់ផលចំណេញដល់គ្រប់គ្នាឡើយ។ លោក Ringo Lee ប្រធានសមាគមរថយន្តហុងកុង បានបញ្ជាក់ថា រថយន្តដឹកទំនិញ និងឡានក្រុងសាធារណៈ មិនត្រូវបានអនុញ្ញាតឱ្យឆ្លងដែនទៅចាក់សាំងឡើយ ដែលជាហេតុធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មដឹកជញ្ជូនក្នុងទីក្រុងហុងកុង ចាប់ផ្តើមឡើងថ្លៃតាមការឡើងថ្លៃនៃប្រេងសាំងនេះដែរ។
ជាមួយគ្នានេះ អាជ្ញាធរគយហុងកុងក៏បានបង្កើនការរឹតបន្តឹង និងត្រួតពិនិត្យនៅតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការរត់ពន្ធប្រេងខុសច្បាប់ពីចិនដីគោកចូលមកកាន់ហុងកុងវិញផងដែរ៕



ប្រភព៖ CNA


















