ប្រទេសដែលបដិសេធមិនជួយអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអុីរ៉ង់ លោក ដូណាល់ ត្រាំ បង្គាប់ឱ្យដោះស្រាយរឿងច្រកសមុទ្រ Hormuz ដោយខ្លួនឯងទៅ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី ដោយបានប្រកាសថា បណ្តាប្រទេសដែលកំពុងជួបវិបត្តិខ្វះខាតប្រេងឥន្ធនៈ ប៉ុន្តែមិនព្រមចូលរួមក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា គួរតែទៅវាយយក ច្រកសមុទ្រ Hormuz ដោយខ្លួនឯង។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនផ្តល់ជំនួយដល់ប្រទេសទាំងនោះទៀតឡើយ។
តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានលើកឡើងថា ប្រទេសដែលបដិសេធមិនជួយអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ គួរតែ ប្រមូលសេចក្តីក្លាហានដែលនៅសេសសល់ ហើយទៅកាន់ច្រកសមុទ្រ Hormuz រួចវាយយកវាចុះ។ លោកបានបន្ថែមដោយគំរោះគំរើយថា៖ "អាមេរិកនឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចដែលអ្នកមិនបាននៅជួយយើងអញ្ចឹង"។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានគាំទ្រមតិពាក្យនេះ ដោយលើកឡើងថា ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកអន្តរជាតិដែលអាមេរិកប្រើប្រាស់តិចជាងគេបំផុត បើធៀបនឹងប្រទេសដទៃ។ ដូច្នេះ វាមិនមែនជាកាតព្វកិច្ចរបស់អាមេរិកតែម្នាក់ឯងក្នុងការការពារផ្លូវទឹកនេះទៀតទេ។
លោក Hegseth ក៏បានបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃខាងមុខនេះនឹងក្លាយជាពេល "សម្រេចវាសនា" នៃសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈដែលកងទ័ពអាមេរិកបានវាយប្រហារចំគោលដៅជាង ១១,០០០ កន្លែងរួចមកហើយ ដើម្បីបំផ្លាញសមត្ថភាពមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់៕


ប្រភព៖ CNA


















