នាវាដឹកប្រេងខ្នាតយក្សរបស់អុីរ៉ាក់ បន្តដំណើរទៅកាន់វៀតណាមឡើងវិញ ក្រោយជាប់គាំងដោយសារការបិទខ្ទប់នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់រយៈពេល ៥ ថ្ងៃ
នាវាដឹកប្រេងខ្នាតយក្សមួយគ្រឿង បានដឹកប្រេងឆៅរបស់ពីប្រទេសអុីរ៉ាក់ ចាប់ផ្តើមបន្តដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាមឡើងវិញហើយ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានកងទ័ពជើងទឹកសហរដ្ឋអាមេរិកឃាត់ទុកអស់រយៈពេល ៥ ថ្ងៃ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាវាឈ្មោះ "Agios Fanourios I" ដែលផ្ទុកប្រេងឆៅចំនួន ២ លានបារ៉ែល បានធ្វើដំណើរចេញពីច្រកសមុទ្រ Hormuz កាលពីថ្ងៃទី១០ ខែឧសភា ប៉ុន្តែត្រូវបានបង្ខំឱ្យប្តូរទិសដៅ និងផ្អាកដំណើរការភ្លាមៗ បន្ទាប់ពីមានការរារាំងពីសំណាក់កងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងប្រទេសអុីរ៉ង់។
ការឃាត់ទុកនេះបានធ្វើឱ្យក្រុមហ៊ុនប្រេងរដ្ឋវៀតណាម (PVOIL) បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយបានផ្ញើលិខិតទៅកាន់សេតវិមាន ដើម្បីសុំឱ្យមានការដោះលែងនាវា ដោយបញ្ជាក់ថាការផ្គត់ផ្គង់ប្រេងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការរោងចក្រចម្រាញ់ប្រេង Nghi Son របស់វៀតណាម។
នាវាដឹកប្រេងនេះបានបន្តដំណើររបស់ខ្លួនឡើងវិញកាលពីថ្ងៃសៅរ៍ ហើយត្រូវបានគេរំពឹងថានឹងទៅដល់គោលដៅនៅប្រទេសវៀតណាមនាថ្ងៃទី៣០ ខែឧសភា ខាងមុខ។ ការដោះលែងឱ្យនាវាបន្តដំណើរនេះ កើតឡើងក្រោយពេលដែលភាគីវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា ប្រេងដែលដឹកនៅលើនាវានោះ គឺជាប្រេងរបស់អុីរ៉ាក់ស្របច្បាប់ ដែលត្រូវបានលក់ដោយក្រុមហ៊ុនរដ្ឋអុីរ៉ាក់ SOMO ហើយមិនមានជាប់ពាក់ព័ន្ធនឹងប្រេងរបស់អុីរ៉ង់ ដែលស្ថិតក្នុងបញ្ជីហាមឃាត់នោះទេ៕
ប្រភព៖Reuters


















