អុីស្រាអែលបើកការវាយប្រហារសម្លាប់មនុស្ស ៥នាក់ក្នុងប្រទេសលីបង់ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡាត្រូវបានបន្ត

ភាពតានតឹងនៅតាមបណ្តោយព្រំដែនអុីស្រាអែល និងលីបង់ បានហក់ឡើងកម្តៅខ្លាំងជាថ្មី បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងបង្កឱ្យមានអ្នករបួសជាង ១០ នាក់ផ្សេងទៀត នៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦។

 
អុីស្រាអែលបើកការវាយប្រហារសម្លាប់មនុស្ស ៥នាក់ក្នុងប្រទេសលីបង់  ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡាត្រូវបានបន្ត

ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីប្រកាសអំពីការបន្តសុពលភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីទាំងពីរ។
យោងតាមក្រសួងសុខាភិបាលលីបង់ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកចំគោលដៅលើក្រុងមួយចំនួន រួមមាន Tayr Felsay, Tayr Debba, Az-Zrariyah និង Jebchit។ ទោះបីជាមានការព្រមព្រៀងពន្យារពេលឈប់បាញ់រយៈពេល ៤៥ ថ្ងៃបន្ថែមទៀត ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលបានបញ្ចេញបញ្ជាឱ្យប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើននៅភាគខាងត្បូងលីបង់ចាកចេញពីលំនៅឋានជាបន្ទាន់ ដោយលើកឡើងពីតម្រូវការប្រតិបត្តិការយោធាដើម្បីកម្ចាត់គោលដៅរបស់ក្រុមហេសបូឡា។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា អ៊ីស្រាអែលនឹងបន្ត គ្រប់គ្រង និងសម្អាតទឹកដី ដើម្បីការពារសហគមន៍របស់ខ្លួនពីសត្រូវដែលព្យាយាមប្រើល្បិចកល។
ស្ថានភាពនេះត្រូវបានគេមើលឃើញថាជាការបំពានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃបទឈប់បាញ់ ខណៈដែលអ្នកយកព័ត៌មាន Al Jazeera ប្រចាំតំបន់បានរាយការណ៍ថា សកម្មភាពយោធារបស់អ៊ីស្រាអែលហាក់ដូចជាកំពុងបង្កើនខ្លាំងឡើង ផ្ទុយស្រឡះពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព។
គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងវិញក្នុងខែមីនា ឆ្នាំ២០២៦ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបង់បានកើនឡើងដល់ជិត ៣,០០០ នាក់ និងរបួសជាង ៩,០០០ នាក់៕

ប្រភព៖Al Jazeera