សហរដ្ឋអាមេរិកសម្រេចបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រ ១០ លានបារ៉ែល ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងសកល

នៅក្នុងវិធានការណ៍បន្ទាន់មួយដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងរីករាលដាល ក្រសួងថាមពលសហរដ្ឋអាមេរិក (DOE) កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦បានប្រកាសពីផែនការបញ្ចេញប្រេងឆៅរហូតដល់ ១០ លានបារ៉ែល ពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ (SPR)។

 
សហរដ្ឋអាមេរិកសម្រេចបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រ ១០ លានបារ៉ែល ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេងសកល

ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ក្នុងទីផ្សារ និងកាត់បន្ថយសម្ពាធតម្លៃប្រេង ដែលបានហក់ឡើងខ្ពស់ដោយសារតែជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។
យោងតាមការបញ្ជាក់ពីក្រសួងថាមពលអាមេរិក ប្រេងចំនួន ១០ លានបារ៉ែលនេះ នឹងត្រូវដកចេញពីទីតាំង Bryan Mound ក្នុងរដ្ឋតិចសាស់ (Texas) តាមរយៈយន្តការ ឱ្យខ្ចីដល់ក្រុមហ៊ុនប្រេងនានា។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ខណៈដែលសង្រ្គាមជាមួយអ៊ីរ៉ង់បានធ្វើឱ្យប៉ះពាល់ដល់ច្រកផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗ។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការបញ្ចេញប្រេងបម្រុងនេះ គឺជាសញ្ញាបង្ហាញទៅកាន់ទីផ្សារថា សហរដ្ឋអាមេរិកមានឧបករណ៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងតម្លៃថាមពល ទោះបីជាមានការរអាក់រអួលក្នុងការផលិត ឬការដឹកជញ្ជូនពីបរទេសក៏ដោយ។ គិតត្រឹមសប្តាហ៍នេះ តម្លៃប្រេងសកលបានហក់ឡើងលើស ១០០ ដុល្លារក្នុងមួយបារ៉ែលរួចទៅហើយ ដែលបង្កឱ្យមានក្តីបារម្ភអំពីអតិផរណាខ្ពស់នៅជុំវិញពិភពលោក។
តាមរយៈយន្តការនេះ ក្រុមហ៊ុនដែលទទួលបានប្រេងពីឃ្លាំងបម្រុង នឹងត្រូវសងប្រេងត្រឡប់មកវិញ រួមជាមួយការប្រាក់ជាសាច់ប្រេង បន្ថែមទៀតនៅពេលក្រោយ ដែលនេះនឹងជួយឱ្យអាមេរិកអាចបំពេញឃ្លាំងបម្រុងរបស់ខ្លួនឡើងវិញនៅពេលដែលតម្លៃប្រេងធ្លាក់ចុះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះនៅតែមានមន្ទិលសង្ស័យថា តើការបញ្ចេញប្រេង ១០ លានបារ៉ែលនេះ នឹងអាចទប់ទល់នឹងវិបត្តិបានយូរប៉ុណ្ណា ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ៕

US to loan up to 10 million barrels of SPR oil from Bryan Mound site, Energy  Department says | Reuters

US seeks 6 million barrels of oil for Strategic Petroleum Reserve | Reuters

ប្រភព៖Reuters