បាតុភូតធម្មជាតិដ៏ចម្លែកមួយបានកើតឡើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ បណ្តាលឲ្យមេឃពណ៌ទឹកក្រូច ពីវាលខ្សាច់សាហារ៉ាគ្របដណ្ដប់លើកោះ Crete នៃប្រទេសក្រិក
បាតុភូតធម្មជាតិដ៏ចម្លែកមួយបានកើតឡើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដោយធូលីដីដ៏ក្រាស់ពីវាលខ្សាច់សាហារ៉ា ក្នុងទ្វីបអាហ្វ្រិកខាងជើង បានហោះហើរឆ្លងកាត់សមុទ្រ និងចូលគ្របដណ្ដប់លើកោះ Crete នៃប្រទេសក្រិក។ ផ្ទៃមេឃនៅតំបន់នេះ បានប្រែពណ៌ទៅជាពណ៌ទឹកក្រូចស្រអាប់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងភ្ញៀវទេសចរ។
បញ្ហានេះបណ្តាលឲ្យអាកាសយានដ្ឋាននៅលើកោះ Crete បានជួបប្រទះការរំខានយ៉ាងខ្លាំងដល់ជើងហោះហើរជាច្រើន រួមទាំងការផ្អាក ឬពន្យារពេលការហោះហើរ ។ អាជ្ញាធរអាកាសចរណ៍ បានណែនាំឱ្យអ្នកដំណើរពិនិត្យស្ថានភាពជើងហោះហើរជាមុនសិន មុននឹងធ្វើដំណើរទៅព្រលានយន្តហោះ។
ក្រៅពីបញ្ហាគមនាគមន៍ អាជ្ញាធរសុខាភិបាលក្រិកបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានបញ្ហាសុខភាពផ្លូវដង្ហើម ដូចជាអ្នកជំងឺហឺត ឬអ្នកដែលមានបញ្ហាបេះដូង ឱ្យកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ព្រោះអាចបង្កឱ្យមានការរលាកផ្លូវដង្ហើម និងការថប់ដង្ហើម៕


ប្រភព៖Reuters


















