កូរ៉េខាងត្បូង និងបារាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា "ដៃគូយុទ្ធសាស្ត្រសកល"

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជា «ដៃគូយុទ្ធសាស្ត្រសកល» ។ នេះគឺជាការដំឡើងកម្រិតទំនាក់ទំនងលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ ខណៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសន្តិសុខ និងសេដ្ឋកិច្ច។

 
កូរ៉េខាងត្បូង និងបារាំង ដំឡើងកម្រិតទំនាក់ទំនងទៅជា

នៅក្នុងជំនួបកំពូលកាលពីថ្ងៃសុក្រនេះ មេដឹកនាំទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការយោធា និងសន្តិសុខថាមពល ជាពិសេសក្នុងបរិបទនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។ លោក Macron និងលោក Lee បានឯកភាពគ្នាធ្វើការរួមគ្នា ដើម្បីធានាសុវត្ថិភាពផ្លូវនាវាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការនាំចូលថាមពលរបស់កូរ៉េខាងត្បូង។
ក្រៅពីបញ្ហាសន្តិសុខ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា (MoUs) ចំនួន ១៤ រួមមានការសហការលើវិស័យបញ្ញាសិប្បនិម្មិត (AI), បន្ទះឈីប (Semiconductors) និងថាមពលនុយក្លេអ៊ែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដឹកនាំទាំងពីរបានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ ប៊ីលានដុល្លារត្រឹមឆ្នាំ ២០៣០ និងបង្កើនចំនួនបុគ្គលិកក្នុងក្រុមហ៊ុនវិនិយោគនៃប្រទេសទាំងពីរឱ្យដល់ ៨ ម៉ឺននាក់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Macron លើកនេះ ក៏មានភាពលេចធ្លោតាមរយៈការផ្លាស់ប្តូរវប្បធម៌ផងដែរ ដោយមានការចូលរួមពីតារា K-pop ល្បីៗដូចជា Felix សមាជិកក្រុម Stray Kids ក្នុងនាមជាទូតសុច្ឆន្ទៈរបស់បារាំង។ ការរឹតបន្តឹងចំណងមិត្តភាពនេះ បង្ហាញថាបារាំងកំពុងពង្រីកឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈកូរ៉េខាងត្បូងកំពុងស្វែងរកសម្ព័ន្ធមិត្តរឹងមាំដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជានៃនយោបាយសកល៕

South Korea and France strengthen energy ties with nuclear and minerals  deals - CHOSUNBIZ

Lee says S. Korea, France agree to cooperate on safe passage through Strait  of Hormuz - UPI.com

ប្រភព៖Reuters