“កាត់សក់បង្កក់សិរី” ជូនបងប្អូនកម្មកររោងចក្រ ដើម្បីអបអរសាទរ ទទួលសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង ៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលក៏ជាពេលដែលថ្នាក់ដឹកនាំក្រសួងការងារ អាចជួបសំណេះសំណាលសួរសុខទុក្ខ ផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយបងប្អូនកម្មករនិយោជិតផងដែរ។

 
“កាត់សក់បង្កក់សិរី” ជូនបងប្អូនកម្មកររោងចក្រ ដើម្បីអបអរសាទរ ទទួលសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ក្នុងបរិយាកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណររគុណចំពោះបងប្អូនដែលឆ្លៀតពេលនាចុងសប្តាហ៍ចូលរួមក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដើម្បីទទួលបានការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃពីសំណាក់ក្រុមជាងដែលមានជំនាញដ៏ចំណានប្រមាណជា ១០០នាក់ពី សមាគមមិត្តយើង នាពេលនេះ។ ជាការត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មីផង ការកាត់ ឬធ្វើសក់នេះ ក៏ជាការលើកសម្រស់បានមួយកម្រិត និងជួយសន្សំសំចៃប្រាក់បានមួយចំនួនផងដែរ ជាពិសេសគឺសម្រាប់បងប្អូនកម្មការិនី។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនកម្មករនិយោជិត ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ជាក់ស្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ សម្តេចបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តរហូតដល់ទៅចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងពេលទៅលេងស្រុកកំណើត និងពេលត្រឡប់មកវិញដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំរថយន្តដឹកជញ្ជូននាឆ្នាំនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ នៅពេលដែលតម្លៃប្រេងឥន្ធនៈកំពុងតែឡើងថ្លៃ ដែលអាចជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់បងប្អូនបានមួយចំនួនធំផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រើប្រាស់រថយន្តទាំងនេះចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជម្រាបជូនពីព័ត៌មានឱកាសការងារក្នុងស្រុកប្រហែល ៩ម៉ឺនកន្លែងនៅតាមបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុននៅទូទាំងប្រទេស ដោយឯកឧត្តមបានអំពាវនាវដល់បងប្អូនឱ្យជួយបន្តផ្សព្វផ្សាយពីឱកាសការងារទាំងនេះទៅដល់បងប្អូន សាច់ញាតិ មិត្តភក្តិ ឬអ្នកជិតខាង ក្នុងពេលត្រឡប់ទៅលេងស្រុកកំណើតនាឱកាសឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីនេះ ជាពិសេសទៅដល់អតីតពលករមកពីប្រទេសថៃ។ ក្នុងនោះអាចទាក់ទងក្រសួងការងារ តាមរយៈលេខទូរសព្ទ Hotline ១២៩៧ សម្រាប់សាកសួរព័ត៌មានទាក់ទងនឹងការងារ ហើយបើក្នុងករណីដែលមានអ្នករកការងារធ្វើច្រើននាក់ក្នុងភូមិតែមួយ នោះនឹងមានក្រុមហ៊ុនទៅដឹកជញ្ជូនដល់កន្លែងផងដែរ។

ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកម្មករ កម្មការិនីទាំងអស់ចំពោះការខិតខំព្យាយាមបំពេញការងារ ទោះក្នុងកាលៈទេសៈវិបត្តិសកលនេះ ដែលជួយធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដំណើរការយ៉ាងរលូន ដែលជាការរួមចំណែកយ៉ាងធំធេងដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕

May be an image of one or more people and text

May be an image of text

May be an image of one or more people and people smiling

May be an image of one or more people, speaker, dais and crowd

May be an image of one or more people

ប្រភព៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ