ទីផ្សារសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសឈប់បាញ់ជាមួយអុីរ៉ង់
ថ្ងៃនេះពិភពលោកបានដកដង្ហើមធំមួយ បន្ទាប់ពីសញ្ញាវិជ្ជមាននៃសន្តិភាពបានធ្វើឱ្យទីផ្សារសេដ្ឋកិច្ចមានការប្រែប្រួលយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ចុងក្រោយពីភ្នាក់ងារសារព័ត៌មាន Al Jazeera តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះយ៉ាងគំហុកភ្លាមៗ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់រយៈពេល ២ សប្តាហ៍។
តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះជាង ១០% ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារក្តីរំពឹងថា ច្រកសមុទ្រហ័រមូស នឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា។
ស្របពេលជាមួយគ្នានេះ ផ្សារភាគហ៊ុននៅទូទាំងពិភពលោក រាប់ចាប់ពីទីក្រុងញូវយ៉ក រហូតដល់តូក្យូ បានហក់ឡើងខ្ពស់ត្រដែត។ វិនិយោគិនបានបង្ហាញទំនុកចិត្តឡើងវិញ បន្ទាប់ពីភាពតានតឹងនៃសង្រ្គាមត្រូវបានជំនួសដោយការត្រៀមលក្ខណៈសម្រាប់ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រខាងមុខនេះ។
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការឈប់បាញ់រយៈពេល ១៤ ថ្ងៃនេះ គឺជាដង្ហើម ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកល ដែលកំពុងរងសម្ពាធពីអតិផរណា និងតម្លៃថាមពលឡើងថ្លៃកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណា ទីផ្សារនៅតែបន្តតាមដានយ៉ាងដិតដល់ ព្រោះស្ថិរភាពរយៈពេលវែង គឺអាស្រ័យទាំងស្រុងលើលទ្ធផលនៃកិច្ចចរចាផ្លូវការរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់៕
ប្រភព៖ Al Jazeera


















