ពលរដ្ឋអាមេរិក ៤ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញជាបន្ទាន់ បន្ទាប់ពីរកឃើញការលេចធ្លាយធុងផ្ទុកសារធាតុគីមីនៅរដ្ឋកាលីហ្វ័រញ៉ា

អាជ្ញាធរអាមេរិកបានបញ្ជាឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេជាបន្ទាន់ នៅក្នុងតំបន់ជាយក្រុង Garden Grove នៃទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ (ពេលវេលានៅសហរដ្ឋអាមេរិក) បន្ទាប់ពីរកឃើញធុងផ្ទុកសារធាតុគីមីដ៏ធំមួយនៅក្នុងរោងចក្រផលិតបរិក្ខារអវកាស មានបញ្ហាបច្ចេកទេស និងប្រឈមនឹងការផ្ទុះ ឬលេចធ្លាយផ្សែងពុលទៅក្នុងបរិយាកាស។

 
ពលរដ្ឋអាមេរិក ៤ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញជាបន្ទាន់ បន្ទាប់ពីរកឃើញការលេចធ្លាយធុងផ្ទុកសារធាតុគីមីនៅរដ្ឋកាលីហ្វ័រញ៉ា

យោងតាមមន្ត្រីជំនាញនៃអាជ្ញាធរពន្លត់អគ្គិភ័យ Orange County (OCFA) បានឱ្យដឹងថា ធុងគីមីដែលកំពុងមានបញ្ហានោះ មានផ្ទុកសារធាតុម៉េទីលមេតាក្រីឡាត (Methyl Methacrylate) ដែលជាប្រភេទរាវងាយឆេះ ងាយហួត និងជាសារធាតុគីមីប្រើប្រាស់សម្រាប់ផលិតប្លាស្ទិក និងបរិក្ខារក្នុងឧស្សាហកម្មអវកាស។ ធុងនេះមានសមត្ថភាពផ្ទុកសារធាតុគីមីពុលរហូតដល់ទៅ ៧,០០០ ហ្គាឡុង (ប្រហែល ២៦,៥០០ លីត្រ)។
ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ កម្លាំងពន្លត់អគ្គិភ័យបានប្រើប្រាស់ឧបករណ៍មេកានិចបញ្ជាពីចម្ងាយ ដើម្បីបាញ់ស្រោចទឹកទៅលើធុងគីមីនោះជាបន្តបន្ទាប់ ក្នុងគោលបំណងកាត់បន្ថយ និងរក្សាសីតុណ្ហភាពឱ្យមានស្ថិរភាព ដើម្បីពន្យារពេលក្នុងការស្វែងរកដំណោះស្រាយបច្ចេកទេស។ អាជ្ញាធរក៏បានរៀបចំមណ្ឌលភៀសខ្លួនបណ្តោះអាសន្នចំនួន ៣កន្លែង ដើម្បីទទួលជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ប្រធានផ្នែកពន្លត់អគ្គិភ័យក្នុងតំបន់បានថ្លែងថា ស្ថានភាពនេះកំពុងត្រូវបានដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមការងារជំនាញទាំងក្នុងកម្រិតតំបន់ និងកម្រិតជាតិ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងស្ថានការណ៍ និងបញ្ចៀសការផ្ទុះឡើងនៃធុងគីមីនេះឱ្យខានតែបាន ដោយសារវាអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ធុងផ្ទុកសារធាតុគីមីដទៃទៀតដែលនៅក្បែរនោះ៕

Thousands evacuated around leaking Orange County chemical tank: 'It fails,  or it blows up.' - AOL

ប្រភព៖Reuters