ជោគជ័យថ្មី! កូនមាន់អាចញាស់ចេញពី «ស៊ុតសិប្បនិម្មិត» បានដោយជោគជ័យ ខណៈក្រុមហ៊ុនអាមេរិកមួយកំណត់គោលដៅប្រោសសត្វផុតពូជឱ្យរស់ឡើងវិញ
ក្រុមអ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Colossal Biosciences បានប្រកាសពីសមិទ្ធផលប្រវត្តិសាស្ត្រមួយ គឺការបង្កាត់ និងញាស់កូនមាន់ចេញពី «ស៊ុតសិប្បនិម្មិត» (Artificial Egg) បានដោយជោគជ័យ ដែលនេះជាជំហានបដិវត្តន៍ថ្មីមួយឈានទៅរកការប្រោសសត្វដែលបានផុតពូជទៅហើយ ឱ្យរស់ឡើងវិញនាពេលអនាគត។
យោងតាមការលាតត្រដាងកាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបានប្រើប្រាស់ប្រព័ន្ធសំបកស៊ុតសិប្បនិម្មិតដែលបង្កើតឡើងពីសារធាតុថ្លា (Transparent Polymeric Shell) ដែលអនុញ្ញាតឱ្យពួកគេអាចសម្លឹងឃើញការវិវឌ្ឍរបស់គភ៌សត្វតាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃញាស់ជាកូនសត្វ។ បច្ចេកវិទ្យានេះត្រូវបានគេហៅថា «ប្រព័ន្ធបង្កាត់ក្រៅស្បូន» (Ex-ovo culture system) ដែលជួយសម្រួលដល់ការគ្រប់គ្រងបរិស្ថាន សីតុណ្ហភាព និងសារធាតុចិញ្ចឹមបានល្អជាងសំបកស៊ុតធម្មជាតិ។
គោលដៅពិតប្រាកដនៃគម្រោងរបស់ក្រុមហ៊ុន Colossal Biosciences មិនមែនជាការបង្កាត់មាន់ធម្មតានោះទេ ប៉ុន្តែគឺដើម្បីយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងការប្រោសសត្វបក្សីល្បីៗដែលបានផុតពូជជាច្រើនរយឆ្នាំមកហើយ ឱ្យមានជីវិតឡើងវិញ ជាពិសេសគឺ «សត្វបក្សីដូដូ» (Dodo bird) ព្រមទាំងសត្វព្រាបទេសន្តរប្រវេសន៍ (Passenger Pigeon)។
មុននឹងឈានដល់ការបង្កើតសត្វដែលផុតពូជ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវឆ្លងកាត់ការកែច្នៃហ្សែន (Genetic Engineering) របស់សត្វដែលមានស្រាប់ឱ្យដូចទៅនឹងសត្វផុតពូជ រួចហើយទើបយកកោសិកាគភ៌នោះមកបណ្តុះនៅក្នុងស៊ុតសិប្បនិម្មិតនេះ។ ជោគជ័យនៃការញាស់កូនមាន់លើកនេះ បានបញ្ជាក់ថា ប្រព័ន្ធគាំទ្រជីវិតសិប្បនិម្មិតរបស់ពួកគេពិតជាមានសុវត្ថិភាព និងអាចដំណើរការទៅរួច។
ខណៈពេលដែលសហគមន៍វិទ្យាសាស្ត្រមួយចំនួនបានសាទរចំពោះរបកគំហើញនេះ អ្នកជំនាញខាងជីវចរិយាធម៌ (Bioethicists) ខ្លះទៀតបានបង្ហាញក្តីបារម្ភ និងចោទសួរអំពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ប្រសិនបើសត្វដែលផុតពូជទៅហើយ ត្រូវបានមនុស្សបង្កើតឱ្យរស់ឡើងវិញនៅក្នុងពិភពលោកបច្ចុប្បន្នមែននោះ៕
ប្រភព៖Reuters


















