តើអាមេរិក និងអុីរ៉ង់ អាចឈានដល់កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងបានដែរឬទេ?
បន្ទាប់ពីការប្រកាសឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នេះ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបានឈានដល់ដំណាក់កាលសំខាន់មួយទៀតហើយ។
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្រកាសជាផ្លូវការថាការចរចាផ្ទាល់រវាងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និងតំណាងរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ប្រទេសប៉ាគីស្ថាន នៅថ្ងៃសុក្រខាងមុខនេះ។
ការជ្រើសរើសយកប្រទេសប៉ាគីស្ថានជាទីតាំងចរចា គឺត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយ ដោយសារប៉ាគីស្ថានមានទំនាក់ទំនងល្អជាមួយភាគីទាំងពីរ និងបានដើរតួជាអ្នកសម្របសម្រួលយ៉ាងសកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
គោលបំណងចម្បងនៃការជំនួបនាថ្ងៃសុក្រនេះ គឺដើម្បីពិភាក្សាលើខ្លឹមសារលម្អិតនៃ 'ផែនការសន្តិភាព ១០ ចំណុច' របស់អ៊ីរ៉ង់ ដែលលោក ដូណាល់ ត្រាំ បានចាត់ទុកថាជាមូលដ្ឋានសម្រាប់ចរចា ទោះបីជាលោកធ្លាប់រិះគន់ថាវាមិនទាន់ល្អគ្រប់គ្រាន់ក៏ដោយ។
ចំណុចរសើបបំផុតដែលនឹងត្រូវលើកយកមកជជែក គឺការឈានទៅរកការដកទណ្ឌកម្មសេដ្ឋកិច្ច ការដកកងទ័ពអាមេរិកចេញពីតំបន់ និងការធានាសន្តិសុខនៅច្រកសមុទ្រហ័រមូសជាអចិន្ត្រៃយ៍។
អ្នកវិភាគនយោបាយអន្តរជាតិយល់ឃើញថា ជំនួបនៅថ្ងៃសុក្រនេះ គឺជាការសាកល្បងដ៏ធំធេងសម្រាប់រយះពេលឈប់បាញ់ ២ សប្តាហ៍។ ប្រសិនបើកិច្ចចរចាមានសញ្ញាវិជ្ជមាន វានឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃសន្តិភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែប្រសិនបើមានភាពរអាក់រអួល នោះពពកនៃសង្រ្គាមអាចនឹងត្រឡប់មកគ្របដណ្តប់តំបន់នេះជាថ្មីម្តងទៀត៕
ប្រភព៖ Al Jazeera


















