អង្គការសហប្រជាជាតិ បញ្ចេញកញ្ចប់ថវិកាបន្ទាន់ ៦០លានដុល្លារ និងបញ្ជូនមន្ត្រីជំនាញ ដើម្បីទប់ស្កាត់វិបត្តិជំងឺអេបូឡា (Ebola) នៅកុងហ្គោ
អង្គការសហប្រជាជាតិ (UN) បានប្រកាសបញ្ចេញកញ្ចប់ថវិកាបន្ទាន់ចំនួនប្រមាណ ៦០ លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតបគ្រោះអាសន្នមជ្ឈិម (CERF) ព្រមទាំងបានបញ្ជូនមន្ត្រីបុគ្គលិកបន្ថែមជាបន្ទាន់ ក្នុងគោលបំណងជួយទប់ស្កាត់ការរីករាលដាលយ៉ាងគំហុកនៃវីរុសអេបូឡា នៅក្នុងប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងតំបន់ជុំវិញ។
លោក Tom Fletcher ប្រធានផ្នែកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានថ្លែងឱ្យដឹងកាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ថា ពិភពលោកចាំបាច់ត្រូវតែចាត់វិធានការឱ្យបានមុនការរាលដាលនៃវីរុសនេះ ប៉ុន្តែលោកបានទទួលស្គាល់ថា នេះជាប្រតិបត្តិការដ៏លំបាកបំផុត ដោយសារតំបន់ដែលកំពុងផ្ទុះជំងឺនេះ កំពុងជួបប្រទះបញ្ហាចលាចលនៃជម្លោះប្រដាប់អាវុធ និងមានការធ្វើបំផ្លាស់ទីរបស់ប្រជាពលរដ្ឋក្នុងកម្រិតខ្ពស់។
ក្រុមអ្នកជំនាញសុខាភិបាលបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែការផ្ទុះឡើងលើកនេះ គឺបង្កឡើងដោយមេរោគអេបូឡាប្រភេទកម្រម្យ៉ាងឈ្មោះថា «ទម្រង់ប៊ុនឌីប៊ូហ្គូ» (Bundibugyo strain) ដែលជាប្រភេទមេរោគ មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលផ្លូវការ នៅឡើយទេ។ មេរោគនេះត្រូវបានគេជឿថាបានឆ្លងរាលដាលដោយស្ងាត់ៗអស់រយៈពេលជិត ២ខែមកហើយ នៅក្នុងខេត្ត Ituri ភាគខាងកើតប្រទេសកុងហ្គោ មុនពេលត្រូវបានរកឃើញ និងប្រកាសជាអាសន្ន។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ស្ថានភាពជំងឺបានកើនឡើងកម្តៅយ៉ាងលឿន ដោយមានករណីសង្ស័យថានឹងឆ្លងរហូតដល់ទៅជិត ៧៥០ ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ (ទាំងករណីសង្ស័យ និងបញ្ជាក់ច្បាស់) កើនឡើងដល់ជិត ១៨០ នាក់ហើយ។ ជំងឺនេះក៏បានរាលដាលចូលទៅដល់ប្រទេសជិតខាង គឺប្រទេសអ៊ូហ្គង់ដា (Uganda) ផងដែរ ដែលធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) ដំឡើងកម្រិតហានិភ័យនៃជំងឺនេះក្នុងកម្រិត «ខ្ពស់បំផុត» ក្នុងកម្រិតជាតិ។
ក្រៅពីកញ្ចប់ថវិការបស់ UN សហរដ្ឋអាមេរិកក៏បានសន្យាផ្តល់ជំនួយ ២៣ លានដុល្លារ ដើម្បីបង្កើតគ្លីនិកព្យាបាលបន្ទាន់ ខណៈដែលធនាគារពិភពលោក (World Bank) ក៏កំពុងរៀបចំកញ្ចប់ហិរញ្ញប្បទានបន្ទាន់បន្ថែម ដើម្បីជួយដល់កុងហ្គោ និងប្រទេសជិតខាងដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយក្នុងការឆ្លើយតបនឹងវិបត្តិសុខភាពសកលមួយនេះ៕

ប្រភព៖Reuters


















