អូស្ត្រាលីប្រកាសមិនទាន់រឹតត្បិតលើការប្រើប្រាស់ប្រេងឥន្ធនៈ បន្ទាប់ពីមានគ្រោះអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងធំជាងគេបំផុត
អូស្ត្រាលីបានចេញមកបញ្ជាក់ជាផ្លូវការថា នឹងមិនមានការដាក់កំហិត ឬរឹតត្បិតលើការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសនោះទេ បើទោះបីជាមានគ្រោះអគ្គិភ័យបានកើតឡើងយ៉ាងធ្ងន់ធ្ងរនៅឯរោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់ក្រុមហ៊ុន Viva Energy ក៏ដោយ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលមិនមានគម្រោងផ្លាស់ប្តូរកម្រិតសន្តិសុខថាមពលនោះទេ បន្ទាប់ពីគ្រោះអគ្គិភ័យបានឆាបឆេះគ្រឿងម៉ាស៊ីនចម្រាញ់ប្រេងចំនួន ២ កន្លែង នៅឯរោងចក្រក្នុងក្រុង Geelong កាលពីយប់ថ្ងៃពុធកន្លងទៅ។
បច្ចុប្បន្ន រោងចក្រដ៏ធំមួយនេះកំពុងដំណើរការក្នុងសមត្ថភាពទាបនៅឡើយ ដោយអាចផលិតសាំងបានប្រហែល ៦០ ភាគរយ និងប្រេងម៉ាស៊ូត រួមទាំងប្រេងយន្តហោះបានប្រហែល ៨០ ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ថា រោងចក្រនេះគឺជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់ ដោយផ្តល់សាំងជាងពាក់កណ្តាលសម្រាប់រដ្ឋ Victoria និងប្រហែល ១០ ភាគរយនៃតម្រូវការសរុបទូទាំងប្រទេសអូស្ត្រាលី។
ទោះបីជាមានការខូចខាតខ្លះក៏ដោយ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺស្ថិតក្រោមការគ្រប់គ្រងបាន ហើយរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាសន្តិសុខថាមពលជាតិ។ ជាការឆ្លើយតប អូស្ត្រាលីក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡេស៊ី ដើម្បីនាំចូលប្រេងបន្ថែមក្នុងករណីចាំបាច់ និងបានសហការជាមួយក្រុមហ៊ុន BP ដើម្បីជួយសម្រួលដល់ការទិញប្រេងពីទីផ្សារអន្តរជាតិផងដែរ។

ប្រភព៖CNA


















