ជនជាតិជប៉ុន ២នាក់ និងជនជាតិចិនម្នាក់ រងរបួសក្នុងហេតុការណ៍ចាក់ប្រហារដោយកាំបិតនៅទីក្រុងស៊ាងហៃ

ក្រសួងការបរទេសចិនបានប្រកាសឱ្យដឹងថា មានករណីហិង្សាចាក់ប្រហារដោយកាំបិតមួយបានកើតឡើងនៅភោជនីយដ្ឋានជប៉ុនមួយកន្លែង ក្នុងអគារពាណិជ្ជកម្មកម្រិតខ្ពស់ Shanghai World Financial Center នាស្រុក Pudong ទីក្រុងស៊ាងហៃ កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ដោយបានបណ្តាលឱ្យមនុស្ស ៣នាក់រងរបួស ក្នុងនោះរួមមានបុរសជនជាតិជប៉ុន ២នាក់ និងស្ត្រីជនជាតិចិនម្នាក់។

 
ជនជាតិជប៉ុន ២នាក់ និងជនជាតិចិនម្នាក់ រងរបួសក្នុងហេតុការណ៍ចាក់ប្រហារដោយកាំបិតនៅទីក្រុងស៊ាងហៃ


យោងតាមរបាយការណ៍ពីប៉ូលីសក្នុងតំបន់ ជនសង្ស័យមានអាយុ ៥៩ឆ្នាំ (នាមត្រកូល Yang) បានសម្រុកចូលទៅក្នុងភោជនីយដ្ឋាន រួចធ្វើសកម្មភាពចាក់ប្រហារលើជនរងគ្រោះដោយប្រើកាំបិតចិតផ្លែឈើ។ ភ្លាមៗនោះ ជនសង្ស័យត្រូវបានកម្លាំងប៉ូលីសចាប់ខ្លួនបាននៅនឹងកន្លែង ខណៈដែលជនរងគ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសំណាងល្អរបួសរបស់ពួកគេមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។ ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យមានប្រវត្តិជំងឺផ្លូវចិត្ត ហើយបាននិយាយស្តីស្តាប់មិនបាន និងមានអាកប្បកិរិយាមិនប្រក្រតីនៅពេលចាប់ខ្លួន។
ក្រោយកើតហេតុ ស្ថានទូតជប៉ុនប្រចាំប្រទេសចិនបានចេញសេចក្តីណែនាំភ្លាមៗ ដោយដាស់តឿនឱ្យប្រជាពលរដ្ឋជប៉ុនទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសចិន បង្កើនការប្រុងប្រយ័ត្នខ្ពស់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងតូក្យូក៏បានស្នើឱ្យទីក្រុងប៉េកាំង បកស្រាយបំភ្លឺការពិតជុំវិញករណីនេះ ផ្តន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរ និងធានាសុវត្ថិភាពជាដាច់ខាតសម្រាប់ពលរដ្ឋជប៉ុន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា នេះជា «ករណីដាច់ដោយឡែកមួយទាក់ទងនឹងសន្តិសុខសាធារណៈ» ហើយអាជ្ញាធរចិននឹងចាត់វិធានការដោះស្រាយទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕

ប្រភព៖Reuters