កម្ពុជា និងជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន កាន់តែប្រសើរថែមទៀតបន្ទាប់ពីទស្សនកិច្ចរដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជានៅប្រទេសជប៉ុន
កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Hirotaka Ishihara រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន និងបានផ្តោតលើ៖
- ការពង្រីកយន្តការឥណទានរួម (JCM) និងគម្រោងជីវម៉ាស់ (Biomass)។
- ការពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន។
- ការគាំទ្រផែនការបន្ស៊ាំជាតិរបស់កម្ពុជា រួមទាំងប្រព័ន្ធប្រកាសអាសន្នជាមុន។
- ការកែលម្អការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។
- ការលើកកម្ពស់ការប្រើប្រាស់ថង់ជីវម៉ាស់ដែលអាចរលាយបាន។
- ការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឧទ្យានជាតិ។



ប្រភព៖ ក្រសួងព័ត៌មាន






































