ស្នូរផ្ទុះកក្រើកទីក្រុង Sulaymaniyah ប្រទេសអុីរ៉ាក់ វាយប្រហារដោយដ្រូនរបស់អុីរ៉ង់
សភាពការណ៍នៅមជ្ឈិមបូព៌ាកាន់តែឆាបឆេះខ្លាំងឡើងៗ! នៅក្នុងវីដេអូដែលកំពុងចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម គេបានឃើញទិដ្ឋភាពដ៏គួរឱ្យរន្ធត់នៃពេលដែលដ្រូនមួយគ្រឿង បានហោះចូលវាយប្រហារចំគោលដៅនៅកណ្តាលទីក្រុង Sulaymaniyah នៃប្រទេសអុីរ៉ាក់។
ភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កើតបានជាផ្សែងខ្មៅហុយទ្រលោមគ្របដណ្តប់ពេញផ្ទៃមេឃក្នុងតំបន់នោះ។ នេះមិនមែនជាឧបទ្ទវហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃយុទ្ធនាការយោធាដែលកំពុងរីករាលដាល។
ការវាយប្រហារនេះត្រូវបានកំណត់គោលដៅទៅលើទីតាំងដែលក្រុមមន្ត្រីសន្តិសុខអះអាងថា មានទំនាក់ទំនងជាមួយ "ក្រុមប្រឆាំងជនជាតិឃើដ-អ៊ីរ៉ង់" ដែលកំពុងជ្រកកោននៅក្នុងតំបន់ស្វយ័តឃើដ នៃភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ភាគខាងជើងអ៊ីរ៉ាក់បានរងការវាយប្រហារជាបន្តបន្ទាប់។ ទីក្រុងតេអេរ៉ង់ បានព្រមានជាច្រើនដងមកហើយថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងប្រើប្រាស់ទឹកដីជិតខាង ដើម្បីរៀបចំផែនការវាយប្រហារចូលមកក្នុងទឹកដីរបស់ខ្លួនឡើយ។
ក្រៅពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ជនស៊ីវិលដែលរស់នៅក្នុងទីក្រុង Sulaymaniyah ផងដែរ ខណៈដែលការវាយប្រហារបានកើតឡើងនៅកណ្តាលតំបន់ដែលមានប្រជាជនរស់នៅច្រើន។
សកម្មភាពនេះ បានធ្វើឱ្យរដ្ឋាភិបាលតំបន់ឃើដ (KRG) ចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការរំលោភលើអធិបតេយ្យភាពទឹកដីរបស់ខ្លួន ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ ដើម្បីបញ្ឈប់ការធ្វើសង្រ្គាមលើទឹកដីប្រទេសទីបីបែបនេះ៕
ប្រភព៖Al Jazeera English


















