បទយកការណ៍៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បារាំង នឹងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងចែករំលែកបទពិសោធន៍ថ្មីៗដល់កម្ពុជា

ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលជារដ្ឋសមាជិកទាំងអស់ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្គូនី នឹងអញ្ជើញចូលរួមក្នុងព្រឹត្ដិការណ៍ដ៏មានសារៈសំខាន់នេះ។

 
បទយកការណ៍៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បារាំង នឹងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងចែករំលែកបទពិសោធន៍ថ្មីៗដល់កម្ពុជា

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ផ្តល់ឱកាសដល់ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសដែលប្រើប្រាស់ភាសាបារាំង នូវវេទិកាពិភាក្សាអំពីបញ្ហាស់ខាន់ៗទាំងផ្នែកភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ។ ជាការពិតណាស់ ហ្វ្រង់កូហ្វូនី តំណាងឱ្យវេទិកាពិភាក្សាដ៏មានឯកសិទ្ធិមួយ ដែលមានវត្តមាន នៅលើទ្វីបទាំងប្រាំ និងផ្អែកលើការប្រើប្រាស់ភាសាមួយ រួមគ្នា ។ វេទិកានេះ ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាជិកចំពោះគោលការណ៍ពហុភាគីនិយម និងឆន្ទៈក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម ធំៗនាពេលបច្ចុប្បន្ន ដែលក្នុងនោះ ក៏ផ្តោតជាសំខាន់លើការអភិវឌ្ឍបញ្ហាសិប្បនិម្មិត (AI) និងតួនាទីភាសាបារាំងចំពោះបដិវត្តន៍បច្ចេកវិទ្យានេះ ។

មន្រ្ដីជាន់ខ្ពស់ផ្នែកការទូតរបស់ប្រទេសបារាំង បានឱ្យដឹងថា ក្នុងនាមជាប្រធានហ្វ្រង់កូហ្វូនីបច្ចុប្បន្ន និងជាពិសេសក្នុងនាមជាមិត្តរបស់ប្រទេសកម្ពុជា បារាំង កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ដៃគូប្រទេសកម្ពុជា ដោយចែករំលែកបទពិសោធន៍ថ្មីៗ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាការចរចានយោបាយនានាដែលពាក់ព័ន្ធ ។

ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ឱ្យដឹងថា ការផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅរវាងបារាំង និងកម្ពុជា បាន និងកំពុងប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែមកហើយ តួយ៉ាងដូចជារវាងក្រុមការងារបារាំង និងកម្ពុជាដែលទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងពិធីការ ជាដើម ។ ឯកឧត្ដមបានលើកឡើងថា លើសពីនេះទៅទៀត កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នឹងក្លាយជាឱកាសមួយដើម្បីបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសកម្ពុជា និងពិភពអ្នកប្រើប្រាស់ភាសាបារាំង ការចេះភាសាបារាំងយ៉ាងស្ទាត់ជំនាញគឺជាការធានានូវសមាជិកភាពនៅក្នុងសហគមន៍ដ៏រឹងមាំមួយដែលមានអ្នកនិយាយភាសាបារាំងចំនួន ៣៩៦ លាននាក់ នៅទូទាំងពិភពលោក។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអះអាងថា៖ «ជាភាសាដែលនិយាយច្រើនជាងគេលំដាប់ទី ៥ ជាភាសាបរទេសដែលរៀនច្រើនជាងគេលំដាប់ទី២ និងជាភាសាដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៤ នៅលើអ៊ីនធឺណិត ។ នេះគឺជាឱកាសសិក្សាធិការ និងអាជីពការងារសម្រាប់អ្នកដែលប្រើប្រាស់ភាសាបារាំងទាំងអស់»។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ក៏បានរម្លឹកផងដែរថា ប្រទេសបារាំងបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីចុងក្រោយ កាលពីខែតុលា ឆ្នាំ២០២៤ ហើយប្រទេសបារាំងគឺជារដ្ឋសមាជិកមួយក្នុងចំណោមរដ្ឋសមាជិកទាំង ៩០ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្គូនី ។ «យើងមានជំនឿយ៉ាងមុតមាំថា ប្រទេសកម្ពុជា នឹងចាប់យកឱកាសដ៏វិសេសនេះ ដើម្បីភាសាបារាំងកាន់តែរីកសុះសាយនៅតំបន់អាស៊ី ហើយដំណើរទស្សនកិច្ចថ្មីៗរបស់លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្សានី លោកជំទាវ Louise Mushikiwabo មកកាន់ប្រទេសកម្ពុជា បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា កំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ»។ នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម Olivier Richard បានឱ្យដឹងទៀតថា ក្រៅពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ភាសាបារាំងគឺពិតជាចំណងភ្ជាប់ដ៏រឹងមាំនៅក្នុងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ។ ប្រទេសបារាំង គាំទ្រយ៉ាងសកម្មដល់ការបង្រៀនភាសាបារាំងនៅកម្ពុជា ក្នុងវិស័យឧត្តមភាពមួយចំនួនដែលភាសាបារាំងមានសក្តានុពលខ្លាំង ដូចជា ច្បាប់ សេដ្ឋកិច្ច វេជ្ជសាស្ត្រ វិស្វកម្ម កិច្ចសហប្រតិបត្តិការយោធា និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្ដថា កិច្ចសហប្រតិបត្តិការនេះ ក៏ត្រូវបានអនុវត្តន៍ក្នុងក្របខ័ណ្ឌពហុភាគី ដោយមានភាពជាដៃគូជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងទីភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសាបារាំង (AUF) ផងដែរ ។ ឯកឧត្ដមបានបន្ដទៀតថា ភាពរស់រវើកនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងកាមរយៈវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលនៅទីនោះ ខ្ញុំសូមអញ្ជើញអស់លោក អ្នក ដែលមានបំណងចង់សិក្សាភាសាបារាំង និងស្វែងយល់ពីកម្មវិធីវប្បធម៌នានា ដែលលើកកម្ពស់ភាសាបារាំង និងវប្បធម៌បារាំង ។ ជាក់ស្តែង កម្មវិធីសប្តាហ៍ភាសាបារាំង និងហ្វ្រង់កូហ្វូនី ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២១ ខែមីនា ប៉ុន្តែសកម្មភាពទាំងនេះ នឹងនៅតែបន្តសម្រាប់ខែបន្តបន្ទាប់ទៀត ជាមួយនឹងកម្មវិធី ដែលមានខ្លឹមសារសម្បូរបែប ជាពិសេសសម្រាប់ឆ្នាំនេះ និងផ្តោតសំខាន់លើភាសាបារាំង រួមមានជំនួបផ្នែកអក្សរសាស្ត្រ ការច្រៀង សិល្បៈនៃការនិយាយជាសាធារណៈ ការចាក់បញ្ចាំងភាពយន្ត ការនិទានរឿងសម្រាប់កុមារ និងល្ខោននិយាយ ជាដើម ។

ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាបានគូសបញ្ជាក់ផងដែរថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កម្ពុជាបានបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរបស់ខ្លួនជាមួយអង្គការអន្តរជាតិបារាំង (OIF) ដែលនេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ គឺជាសហស្ថាបនិកមួយព្រះអង្គនៃអង្គការនេះ រួមជាមួយលោក Léopold Sédar Senghor នៃប្រទេសសេណេហ្គាល់ លោក Habib Bourguiba នៃប្រទេសទុយនីស៊ី និងលោក Hamani Diori នៃប្រទេសនីហ្សេរីយ៉ា ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ «កម្ពុជា ក៏កំពុងដើរតួនាទីជាអ្នកកាន់ទង់ជ័យនៃចលនាហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ។ ការវិលត្រឡប់មកវិញនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងតំបន់នេះ បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៦ ដែលបានប្រព្រឹត្តទៅ នៅប្រទេសវៀតណាម កាលពីឆ្នាំ ១៩៩៧ ជិត ៣០ ឆ្នាំមុននោះ នឹងក្លាយជាប្រវត្តិសាស្ត្រមួយ។»

ឯកឧត្ដមឯកអគ្គរដ្ឋទូបានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា ការរៀបចំកិច្ចប្រជុំកំពូលនេះ កម្ពុជាអាចពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និង ការទូតរវាងប្រទេសជាសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី និងអាចបង្កើតឱកាសថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសបារាំង ប្រទេសកម្ពុជា និងសហគមន៍ដែលប្រើប្រាស់ភាសាបារាំង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបារាំងបានរំលេចផងដែរថា សហគមន៍ហ្វ្រង់កូហ្វូនី សម្បូរទៅដោយចំណងមេត្រីភាព សាមគ្គីភាព និងផ្តល់នូវឱកាសដ៏ធំធេង រួមទាំងនៅក្នុងវិស័យសេដ្ឋកិច្ចផងដែរ ។ នេះបង្ហាញឱ្យឃើញថា បណ្តារដ្ឋហ្វ្រង់កូហ្វូនី មានសកម្មភាពពាណិជ្ជកម្មកាន់តែខ្លាំងក្លា និងធ្វើសហប្រតិបត្តិការអន្តរជាតិបានកាន់តែល្អប្រសើរ ជាមួយបណ្តាប្រទេសដែលប្រើប្រាស់ភាសា ឬសូម្បីតែមានវប្បធម៌ច្បាប់ដូចគ្នា ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានបន្ថែមថា ហ្វ្រង់កូហ្វូនី តំណាងឱ្យ ១៦% នៃផលិតផលក្នុងស្រុកសរុបលើសកលលោក និង ២០% នៃពាណិជ្ជកម្មសកល។ ក្រៅពីនេះ ប្រទេសកម្ពុជាបានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ FrancoTech ជាថ្មីម្តងទៀតអមសហមេត្រីភាព នៃកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីការរៀបចំលើកដំបូងក្នុងអំឡុងកិច្ចប្រជុំកំពូលលើកទី១៩ នៅទីក្រុងប៉ារីស៍ ។ ពិព័រណ៍នវានុវត្តន៍ ជាភាសាបារាំងលើកដំបូងនេះ បានទទួលស្វាគមន៍អ្នកដាក់តាំងបង្ហាញចំនួន ១៥០ នាក់ មកពីជាង ១០០ ប្រទេស និងមានអ្នកជំនាញរាប់ពាន់នាក់ចូលទស្សនា ដែលនឹងរួមចំណែកក្នុងការពង្រឹងលំហសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី និងការផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច តាមរយៈការបង្ហាញនូវដំណោះស្រាយបច្ចេកទេស និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗនាពេលបច្ចុប្បន្ន ដូចជា វិស័យអប់រំ សុវត្ថិភាពស្បៀងអាហារ បម្រែបម្រួលប្រព័ន្ធអេកូឡូស៊ី បញ្ហាសិប្បនិម្មិត និងហិរញ្ញប្បទាននវានុវត្តន៍ ។

សូមជម្រាបជូនផងដែរថា កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ហើយតាមរយៈវេទិកានេះ ក៏នឹងក្លាយជាពេលវេលានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដមប្រធានាធិបតីបារាំង Emmanuel Macron ផងដែរ។ ក្នុងឱកាសនោះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) នឹងរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី៣ ។ កាលពីជំនួបមុនក្នុងឆ្នាំ ២០២៤ ព្រឹត្តិការណ៍នេះបានទាក់ទាញក្រុមហ៊ុនបារាំងចំនួន ២៥០ ។ នេះនឹងក្លាយជាឱកាសដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុន អ្នកជំនាញ និងអស់លោកអ្នកដែលចាប់អារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីស្វែងយល់ពីឱកាសដ៏សម្បូរបែបដែលផ្តល់ដោយកម្ពុជា ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា 









ប្រភព៖ ក្រសួងព័ត៌មាន