នាវាដឹកប្រេងគុយវ៉ែត ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកំពង់ផែឌូបៃ ក្រោយការវាយប្រហារពីអុិរ៉ង់
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំង បន្ទាប់ពីមានការរាយការណ៍ថា នាវាដឹកប្រេងឆៅដ៏ធំមួយរបស់ប្រទេសគុយវ៉ែត បានរងការវាយប្រហារ និងកំពុងឆាបឆេះយ៉ាងខ្លាំង នៅក្នុងតំបន់យុថ្កានៃកំពង់ផែឌូបៃ (Dubai Port) កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋគុយវ៉ែត (KUNA) នាវាដែលរងគ្រោះមានឈ្មោះថា Al-Salmi ជាប្រភេទនាវាដឹកប្រេងឆៅពេញចំណុះ។ ការវាយប្រហារនេះត្រូវបានគេជឿថាបង្កឡើងដោយយន្តហោះដ្រូន ឬមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានបណ្តាលឱ្យតួទូកនាវាមានការខូចខាត និងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។
អាជ្ញាធរឌូបៃបានបញ្ជាក់ថា នាវិកទាំង ២៤ នាក់នៅលើនាវាត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងមិនមាននរណាម្នាក់រងរបួសឡើយ។
ដោយក្រុមពន្លត់អគ្គិភ័យតាមផ្លូវទឹកខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះ ចំណែកឯក្រុមហ៊ុនប្រេងគុយវ៉ែត (KPC) បានព្រមានពីលទ្ធភាពដែលអាចមានការលេចធ្លាយប្រេងចូលក្នុងសមុទ្រ។
ភ្លាមៗក្រោយការវាយប្រហារនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានហក់ឡើងខ្ពស់ជាង ៣ ដុល្លារក្នុងមួយបារ៉ែល (កើនឡើងប្រហែល ២.៩%) ដោយសារក្តីបារម្ភពីសន្តិសុខនៃការដឹកជញ្ជូនថាមពល។
សូមជម្រាបថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃខ្សែសង្វាក់នៃអំពើហិង្សានៅលើសមុទ្រ ក្នុងតំបន់ច្រកសមុទ្រ Hormuz បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈមក។ ក្រៅពីនាវារបស់គុយវ៉ែត ក៏មានការរាយការណ៍អំពីការប៉ុនប៉ងវាយប្រហារលើនាវាដឹកកុងតឺន័ររបស់ក្រិក នៅក្បែរឆ្នេរសមុទ្រអារ៉ាប៊ីសាអូឌីតក្នុងថ្ងៃតែមួយផងដែរ។
រហូតមកដល់ពេលនេះ ភាគីអ៊ីរ៉ង់មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយនៅឡើយទេ ចំពោះការចោទប្រកាន់នេះ៕

ប្រភព៖CNA


















