វិបត្តិអស្ថិរភាពសកល បណ្តាលឲ្យអង់គ្លេសងាកទៅរកសហភាពអឺរ៉ុប

នៅវិមាន Downing Street នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងថា វិបត្តិអស្ថិរភាពសកលដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមរវាងសហរដ្ឋអាមេរិក-អុីស្រាអែល ជាមួយអុីរ៉ង់ កំពុងក្លាយជាកម្លាំងរុញច្រានឱ្យចក្រភពអង់គ្លេសត្រូវតែបង្កើនទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតជាមួយសហភាពអឺរ៉ុប (EU) ទាំងលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។

 
វិបត្តិអស្ថិរភាពសកល បណ្តាលឲ្យអង់គ្លេសងាកទៅរកសហភាពអឺរ៉ុប

ការថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ឥតដាច់ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump។
លោកនាយករដ្ឋមន្ត្រី Starmer បានបញ្ជាក់ថា ស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយផលប៉ះពាល់ពីសង្គ្រាមនឹងកំណត់វាសនាប្រទេសជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ លោកបានសង្កត់ធ្ងន់ថា ផលប្រយោជន៍ជាតិរយៈពេលវែងរបស់អង់គ្លេស គឺទាមទារឱ្យមាន "ភាពជាដៃគូកាន់តែជិតស្និទ្ធ" ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីពង្រឹងសន្តិសុខ និងកាត់បន្ថយថ្លៃដើមនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារការឡើងថ្លៃថាមពល។
ការងាកមកពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបនេះ ក៏ជាការឆ្លើយតបទៅនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនផងដែរ។ លោក Donald Trump បានរិះគន់អង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបថា មិនបានចូលរួមជួយអាមេរិកក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ហើយថែមទាំងបានគំរាមដកសហរដ្ឋអាមេរិកចេញពីអង្គការ NATO ទៀតផង។ ជាការឆ្លើយតប លោក Starmer បានប្រកាសយ៉ាងច្បាស់ថា លោកនឹងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិអង់គ្លេសជាធំ ហើយនឹងមិនបណ្តោយឱ្យសម្ពាធពីខាងក្រៅមកបង្ខំឱ្យអង់គ្លេសធ្លាក់ក្នុងជម្លោះយោធាដែលមិនចង់បាននោះឡើយ។
លើសពីនេះ លោក Starmer ក៏បានលើកឡើងពីផលប៉ះពាល់នៃ Brexit ដែលលោកចាត់ទុកថាបានបង្ក ការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអង់គ្លេស ហើយលោកមានគម្រោងរៀបចំកិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុបនៅពេលឆាប់ៗខាងមុខ ដើម្បីស្វែងរកកិច្ចព្រមព្រៀងថ្មីលើវិស័យពាណិជ្ជកម្ម និងការពារជាតិ។
ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ទោះបីជាស្ថានភាពបច្ចុប្បន្នមានភាពតានតឹង ប៉ុន្តែអង់គ្លេសមានផែនការច្បាស់លាស់ដើម្បីឆ្លងកាត់ព្យុះសេដ្ឋកិច្ច និងនយោបាយនេះ។ លោកបានសន្យាថានឹងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ តាមរយៈមធ្យោបាយការទូត ដើម្បីសម្រួលដល់ចរន្តពាណិជ្ជកម្ម និងស្ថិរភាពតម្លៃប្រេងសកល៕

UK will seek closer ties with Europe amid Iran war, Starmer says

ប្រភព៖Reuters